ព័ត៌មានជាតិ

កម្ពុជា ជ្រើសរើស ក្រុមហ៊ុនសិង្ហបុរី ជាដៃគូសិក្សា អភិវឌ្ឍន៍សំណើ គម្រោងមជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជន ដើម្បីសិក្សា និងអភិវឌ្ឍន៍សំណើគម្រោងមជ្ឈ មណ្ឌលភ័ស្តុភារកម្មភ្នំពេញ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ភស្ដុភារកម្ម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសឹង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈ មណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC)។

ប្រភពដដែលបន្ដថា ការងារទាំងនេះត្រូវបានផ្តល់ភារកិច្ច ឲ្យក្រសួងសាធារ ណការ និងដឹកជញ្ជូន ក្នុងឋានៈជាប្រធាន គណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement – FA) ជាមួយក្រុមហ៊ុន YCH និងក្រុមហ៊ុន IA ដូចដែលធ្លាប់បានអនុវត្តកន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ- បាវិត។

សូមជម្រាបថា នារសៀលថ្ងៃទី២៦ តុលា នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាជាតិ ភ័ស្ដុភារកម្ម (ក.ជ.ភ) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ភ័ស្តុភារកម្មលើកទី ២ ដើម្បីពិនិត្យលើ «ការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC)» និងដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំសំណើគម្រោង «ការធ្វើឱ្យប្រសើរឡើង នូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ, ប៉ោយប៉ែត-អារញ្ញ ប្រាថេត, ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប»។

ជាងនេះទៅទៀត កិច្ចប្រជុំនេះក៏មានការចូលរួមរួមពីសំណាក់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លោកស្រី ជាសមាជិក-សមាជិកា នៃក្រុមប្រឹក្សាជាតិ ភ័ស្តុភារកម្ម និងលោក លោកស្រី ជាសមាជិក-សមាជិកា នៃក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារ ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ៕

To Top