ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជិត៤០០គ្រួសារ ក្នុងខេត្តកំពង់ចាម ទទួលបានការឧបត្ថម្ភពីលោក ហ៊ុន ម៉ាណែត

កំពង់ចាម ៖ អំណោយរបស់ នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមរយៈអាជ្ញាធរខេត្តកំពង់ចាម បានចែក ជូនដល់ប្រជាពលរដ្ឋចំនួន ៣៧៨ គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងទៅថ្មីៗនេះ ។

ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅមុខសាលាខេត្តកំពង់ចាម ដែលមានវត្តមាន លោក រិន វីរ: សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជន ថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ ជាច្រើននាក់ទៀត។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងទៅកាន់ពលរដ្ឋ ក្នុងឱកាសនោះថា ក្នុងនាមអាជ្ញាធរខេត្ត លោកសូមចូលរួមសោកស្ដាយ និងចូលរួមនូវផលលំបាកទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នឹងជំនន់ទន្លេមេគង្គ ។

លោកអភិបាលខេត្ត ថ្លែងបន្តថា ឆ្នាំ ២០២០នេះ ខុសពីឆ្នាំមុនៗ ដោយសារនៅដើមរដូវវស្សា ទឹកទន្លេមេគង្គមិនឡើង ហើយភ្លៀងក៏មិនសូវមាន ដែលបង្កការរាំងស្ងួតធ្វើឱ្យខូចខាតដំណាំកសិកម្មប្រជាពលរដ្ឋមួយចំនួន។ ប៉ុន្តែនៅពេលចាប់ផ្ដើមចេញវស្សា បែរជាទទួលរងនូវទឹកភ្លៀងយ៉ាងកំហុក ដែលធ្វើឲ្យប៉ះពាល់ដល់ការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ដែលដាំស្រូវពង្រោះបណ្ដេញទឹក
ប៉ុន្តែទិន្នន័យ នៃការខូចខាតមិនទាន់ដឹងនៅឡើយទេ ដោយសារទឹកភ្លៀងនៅកើនឡើងបន្តបន្ទាប់ទៀត ក្នុងនោះមានទឹកភ្លៀងនៅក្នុងតំបន់ និងទឹកភ្លៀងដែលហូរ ចេញពីតំបន់បឹងទន្លេសាប ។

លោកអភិបាលខេត្តឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនេះផងដែរ បានជន់លិចតាមដងផ្លូវ និងហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួន នៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលមិនទាន់មានប្រព័ន្ធលូច្បាស់លាស់ ។ ទន្ទឹមនឹងនោះ ខាងអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធក៏បានចុះពិនិត្យ នឹងមានវិធានការបន្ទាន់ដើម្បីកាយបើកមុខទឹក បង្ហូររំដោះទឹកកុំឲ្យលិចយូរដែលបង្កការរំខានដល់ប្រជាពលរដ្ឋយើង។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តបានដាក់ផែនការស្ដារឡើងវិញ ដោយជំរុញឲ្យស្ថាប័នមន្ទីរចំនួន ៤ មានដូចជា មន្ទីរសាធារណការនិងដឹកជញ្ជូន ត្រូវជួសជុលជាបន្ទាន់ នៃផ្លូវជាតិដែលរងការខូចខាត ចំណែកមន្ទីរអភិវឌ្ឍន៍ជនបទត្រូវចុះពិនិត្យមើល និងជួសជុលឡើងវិញនូវផ្លូវលំទាំងឡាយ នៅក្នុងសមត្ថកិច្ចរបស់ខ្លួន ចំណែកមន្ទីរធនធានទឹកត្រូវចុះពិនិត្យមើលផ្នែកទំនប់ ព្រមទាំងទ្វារទឹកទាំងឡាយ ដែលរងការខូចខាត ដោយសារទឹកឡើងកំហ៊ុកក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ រីឯមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវបូកសរុបផែនការ ផ្ដល់ជូននូវពូជស្រូវ ពូជដំណាំ ដែលបានរងការខូចខាត ។

ក្នុងឱកាសនោះដែរ លោក រិន វីរ: សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខទុកប្រជាពលរដ្ឋ ពីសំណាក់ នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបានផ្ដល់ជាអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋយើងនៅពេលេនះ ។

លោកបន្តថា បន្ទាប់ពីមានបញ្ហាជំនន់ទឹកភ្លៀងភ្លាម អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានធ្វើលិខិតស្នើដល់នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីសុំការផ្ដល់ជំនួយ យកមកជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នៃចំនួនទឹកភ្លៀងនេះ ។

លោក រិន វីរៈ បានបន្តទៀតថា ក្នុងឆ្នាំ ២០២០ នេះ ប្រជាពលរដ្ឋយើងមានផលប៉ះពាល់ នៃជំងឺកូវីដ19 ហើយត្រូវទទួលរងការវាយប្រហារដោយជំនន់ទឹកភ្លៀងថែមទៀត ដែលប្រការនោះប្រជាពលរដ្ឋយើង មិនដែលជួបប្រទះពីមុនមកទេ ៕

To Top