ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ដ្រីវៀតណាម ដែលបានបង្ហាញនូវក្ដីបារម្ភ និងសមានចិត្តដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ខណៈដែលមានការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិដ៏ធ្ងន់ធ្ងរ ដោយសារទឹកជំ នន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ជាបន្ដបន្ទាប់នៅកម្ពុជា។
យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា «ខ្ញុំមានសេចក្តីសោកសង្រេងយ៉ាងខ្លាំង ដែលបានទទួលព័ត៌មានអំពីការបាត់បង់ជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរ នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាល ជាពិសេសនៅខេត្តធឿធានហ្វេ និងខេត្តក្វាងជិ នៃប្រទេសវៀតណាម ដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កមកពីព្យុះលីនហ្វា និងណាងកា នាពេលថ្មីៗនេះ»។
សម្ដេចតេជោ បានបន្តថា ក្នុងគ្រាដ៏លំបាក និងសោកសៅនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ លោក ង្វៀន សួនហ្វ៊ុក និងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសារ នៃសព និងជនរងគ្រោះ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ លោក ង្វៀង សួនហ្វុក ប្រទេសវៀតណាម នឹងបានប្រសើរឡើងវិញពីការខូចខាត ដែលបង្កមកពីគ្រោះធម្មជាតិ នៅក្នុងពេលឆាប់ៗខាងមុខនេះ៕