ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់ចេញចក្ខុវិស័យថ្មីៗ ទាក់ទាញទេសចរអន្តរជាតិ

ភ្នំពេញ៖លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប-អង្គរឱ្យបានប្រមាណ ៧ លាននាក់ នៅឆ្នាំ២០៣៥ គោលដៅទេសចរណ៍ធំៗថ្មី នៅជុំវិញអង្គរនឹងត្រូវបានបង្កើតឡើង ដែលផែនការនេះត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ 

ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ថោង ខុន បានថ្លែងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ត្រូវបានដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយ ក្នុងនោះក្រសួងទេសចរណ៍ក៏កំពុងរៀបចំកែសម្រួលឱ្យវាខ្លីជាងមុន ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាល ពិនិត្យនិង អនុម័ត នាពេលខាងមុខ។

លោកបន្តថា គោលដៅទេសចរណ៍ថ្មីចំនួន ៤ ធំៗ បន្ថែមទៀតលើគោលដៅទេសចរណ៍ ២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។

លោកបញ្ជាក់ថា ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណង ដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភ័ណ្ឌវប្បធម៌។ 

លោករដ្ឋមន្រ្តីបន្ថែមថា” រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនខេត្តសៀមរាបឱ្យបាន ៧ លាននាក់ នៅឆ្នាំ២០៣៥ ដែលនឹងបង្កើតការងារផ្ទាល់ប្រមាណ ៩០ ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ”។ 

ជាមួយគ្នានោះលោកបញ្ជាក់បន្ថែមទៀតថា ដើម្បីសម្រេចចក្ខុវិស័យនេះ ទីក្រុងសៀមរាបបច្ចុប្បន្នមិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ គឺចាំបាច់ត្រូវបង្កើតឱ្យមានទីក្រុងថ្មីមួយទៀត។

លើសពីនេះទៀតលោកសង្កត់ធ្ងន់ថា ទីក្រុងថ្មីនេះត្រូវតែរៀបចំ ឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។

ក្នុងឱកាសនោះលោកបញ្ជាក់ថា ទីតាំងទីក្រុងសៀមរាបថ្មី គឺស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សារា៕ដោយ៖ធី លីថូ

To Top