ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ផ្ដាំផ្ញើក្រុមការងារ TASK FORCE បន្តបំពេញភារកិច្ចទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និង រំលោភផ្លូវភេទលើកុមារ

ភ្នំពេញ ៖ កម្ពុជា-អាមេរិក បានផ្តាំផ្ញើឲ្យ ក្រុមការងារសម្របសម្រួលកិច្ចប្រតិបត្តិការ (TASK FORCE) បន្តខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើស ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសអានាចារ្យរំលោភផ្លូវភេទលើកុមារ។

យោងតាមការចេញផ្សាយរបស់ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឲ្យ ដឹងថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក Patrick Murphy ឯកអគ្គរដ្ឋអាមេរិក ប្រចាំកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសម្រប សម្រួលកិច្ចប្រតិបត្តិការ (TASK FORCE) នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ក្រុមការងារសម្របសម្រួលកិច្ចប្រតិ បត្តិការ (TASK FORCE)នេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ នៃប្រទេសទាំង២។ ហើយបន្ទាប់ពីបានចុះ MOU ជាមួយស្ថាប័នអនុវត្តច្បាប់ FBI កាលពីឆ្នាំមុនរួចមក ក្រុមការងារ TASK FORCE បានបំពេញការងារយ៉ាងពេញលេញ ដោយបានប្រតិបត្តិការប្រមាណ ២០ករណីផងដែរ។

នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះ នគរបាលជាតិកម្ពុជា និងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) កន្លងមកបានសហការគ្នាយ៉ាងល្អក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការទប់ស្កាត់បទល្មើសអានាចារ្យរំលោភផ្លូវភេទលើកុមារ។

 នាយឧត្តមសេនីយ៍ បញ្ជាក់ថា ដើម្បីឲ្យកិច្ចការនេះទទួលបានលទ្ធផលល្អប្រសើរថែមទៀត អាមេរិក នឹងបន្តជួយទាំងធនធាន និងស្មារតីដល់ក្រុមការងារនេះ ព្រមទាំងត្រៀមបង្កើតភ្នាក់ងារប្រឆាំងគ្រឿង ញៀន DAE ប្រចាំនៅស្ថានទូតផងដែរនៅឆ្នាំក្រោយ ដើម្បីអាចសហការជាមួយអគ្គស្នងការដ្ឋាននគរបាល ជាតិ ទប់ស្កាត់នូវបទល្មើសគ្រឿងញៀន និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា។

ជាងនេះទៅទៀត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា បន្ទាប់ពីបើកឲ្យដំណើរការក្រុម ការងារសម្របសម្រួលកិច្ចប្រតិបត្តិការ (TASK FORCE) សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន អនុវត្តច្បាប់ទាំង២ នឹងរឹតតែប្រសើរថែមទៀត ជាពិសេស បង្ការទប់ស្កាត់បាននូវរាល់បទល្មើសឧក្រិដ្ឋ កម្មឆ្លងដែនគ្រប់ប្រភេទ។ ជាពិសេស ចាត់ទុកការបង្កើតក្រុមការងារនេះ គឺជាគំរូល្អមួយសម្រាប់ ស្ថាប័នអនុវត្តច្បាប់សម្រាប់ប្រទេសដទៃ នៅកម្ពុជាផងដែរ។

ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន និងឯកអគ្គរដ្ឋអាមេរិក ប្រចាំកម្ពុជា បានផ្តាំផ្ញើឲ្យ ក្រុមការងារសម្របសម្រួលកិច្ចប្រតិបត្តិការ (TASK FORCE) បន្តខិតខំបំពេញភារកិច្ចដោយការទទួល ខុសត្រូវខ្ពស់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសទប់ស្កាត់បទល្មើស អានាចារ្យរំលោភផ្លូវភេទលើកុមារ។

សូមបញ្ជាក់ថា ក្រុមការងារ « TASK FORCE» ត្រូវបានបង្កើតឡើងក្រោមអនុស្សារណៈ នៃការយោគយល់គ្នារវាង កម្ពុជា-អាមេរិក ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ អំឡុងពេល នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក៕

To Top