ព័ត៌មានជាតិ

ស្អែកនេះ ជាខួបអនុស្សាវរីយ៍ លើក ទី១៦ឆ្នាំ នៃការគ្រងរាជសម្បត្តិ ព្រះមហាក្សត្រ

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ស្អែកនេះ ជាខួបអនុស្សាវរីយ៍១៦ឆ្នាំ (២៩ តុលា ២០០៤ដល់២៩ តុលា ឆ្នាំ២០២០) នៃការឡើងគ្រងរាជសម្បត្តិ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។

ក្នុងឱកាសដ៏វិសេសនេះ នៅគ្រប់ទីកន្លែងស្ថាប័នរដ្ឋ ឯកជន បានដាក់តាំងព្រះឆាយាល័ក្ខណ៏ព្រះអង្គដោយមាន ភ្លើងចម្រុះពណ៌ និងលំអដោយផ្កាផ្ញី។ ជាមួយគ្នានោះ មន្ត្រីរាជការ បុគ្គលិកតាមស្ថានប័នឯកជន និងសិស្សសាលា ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ១ ថ្ងៃ ដើម្បីអបអរខួបនៃព្រះរាជាភិសេករបស់ព្រះមហាក្សត្រ។

ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់ជាបេក្ខជនតែមួយអង្គគត់សម្រាប់ព្រះរាជតំណែងដ៏ខ្ពង់ខ្ពស់ជាព្រះមហាក្សត្រ និងត្រូវបានក្រុមប្រឹក្សា រាជសម្បត្តិជ្រើសតាំងជាឯកឆន្ទក្នុងសំឡេង ៩ លើ ៩ សំឡេង ដើម្បីឡើងសោយរាជ្យជាព្រះមហាក្សត្រជំនួសព្រះបិតា ព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤។

លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៤ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងមកមាតុភូមិវិញដើម្បីទទួលព្រះរាជពិធីរាជាភិសេកគ្រងរាជសម្បត្តិជាផ្លូវការ។

ព្រះមហាក្សត្រកម្ពុជាមានព្រះបរមងារថា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា ខេតិយា ខេមរារ៉ុងរឿង ពុទ្ធំព្រាធិរា មហាក្សត្រ ខេមរាជនា សមូហភា កម្ពុជៈ ឯករាជ្យរដ្ឋ បូរណសន្តិ សុភមង្គុលា សេរីវិបុលៈ ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី។

ព្រះអង្គ ប្រសូត្រ នៅថ្ងៃទី១៥ ខែឧសភាឆ្នាំ១៩៥៣ នៅក្រុងភ្នំពេញ៕

To Top