ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ព្រមានអង្គភាពសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបថា មិនបើកលុយឲ្យ បើមិនធ្វើតាមបទដ្ឋានបច្ចេកទេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានដល់ អង្គភាពសាងសង់ផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បើសាងសង់ផ្លូវមិនតាមបទដ្ឋាន បច្ចេកទេស នឹងមិនទូទាត់ប្រាក់ឲ្យជាដាច់ខាត។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងសម្ពោធបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងកិច្ចប្រជុំស្តីពី ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃ ទី២៨ ខែតុលា ឆ្នាំ ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ ឡើងដោយអង្គភាពចំនួន៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់ បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹក ទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព និងបញ្ចប់គម្រោងបានទាន់ពេលវេលាតាមការគ្រោងទុក។

លោកបានបន្តថា ដើម្បីទទួលបានផ្លូវមានគុណភាព ស្របតាមស្តង់ដារបច្ចេកទេស និង បញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ទាំងរដ្ឋក៏ដូចជាឯកជនក្តី ត្រូវសហការគ្នាឲ្យបាន ជិតស្និទ្ធក្នុងទិសដៅតែមួយ ពោលគឺ សាងសង់ផ្លូវមានប្រសិទ្ធភាពនិងគុណភាពរឹងមាំ និងបញ្ចប់ គម្រោងតាមផែនការ ដោយប្រើប្រាស់សម្ភារៈមានស្តង់ដារ និងការផ្គត់ផ្គង់សម្ភារបានទាន់តម្រូវការផងដែរ។

លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា “ប្រសិនបើអង្គភាពសាងសង់ណាមួយត្រូវបានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត”។

សូមរំលឹកថា ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្ត សៀមរាប មានប្រវែងសរុបប្រមាណជិត១០០គីឡូម៉ែត្រ និងត្រូវចំណាយថវិការប្រមាណជា ១៥០លានដុល្លារ ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top