ភ្នំពេញ៖ លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មនាពេលខាងមុខ បានឲ្យដឹងថា នៅពេលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ក្នុងការអនុវត្តគម្រោងទាំង៣ នៃការអភិវឌ្ឍទីក្រុងភ្នំពេញ ត្រូវបានបញ្ចប់ នោះ នឹងង្កើតការងាររាប់ម៉ឺនកន្លែង ដល់កម្មករ ក៏ដូចជាពលករកម្ពុជា បានធ្វើ។
ក្នុងជំនួបជាមួយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកMichael Tan Keng Siong បានសម្តែងនូវក្តីសោមនស្ស រីករាយចំពោះភាពល្អប្រសើរ ក្នុងរយៈពេលកន្លងមកនៃ ទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ានរវាងកម្ពុជា និងសិង្ហបុរី។
ក្នុងឱកាសនោះលោកទូត បានបញ្ជាក់ថា “លទ្ធភាពដែលអាចបង្កើតការងារ រាប់ម៉ឺនកន្លែងដល់កម្មករ ពលករកម្ពុជា នាពេលខាងមុខពេលដែល កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងកម្ពុជា ក្នុងការអនុវត្តគម្រោងទាំង៣ នៃការអភិវឌ្ឍទីក្រុងភ្នំពេញត្រូវបានបញ្ចប់ “។
លោកបញ្ជាក់បន្ថែមថា គម្រោងទាំង៣នោះរួមមាន៖ គម្រោងគ្រប់គ្រងឡូជីស្ទីកភ្នំពេញ (Phnom Penh Logistics Complex Project) គម្រោងគ្រប់គ្រងសំរាម (Waste Management Project) និងគម្រោង បំប្លែងសំរាមទៅជាថាមពល (Waste to Energy Project)។
ចំណែកលោកព្រុំ សុខា បានបញ្ជាក់ថា ក្នុងរយៈពេលបំពេញ បេសកកម្មការទូតរបស់លោក Michael Tan Keng Siong នៅកម្ពុជា ទំនាក់ទំនងសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី លើការកសាងសមត្ថភាពធនធានមនុស្ស ក្នុងវិស័យមុខងារសាធារណៈត្រូវបាន ពង្រីកគួរឱ្យមានការកត់សម្គាល់។
លោកបន្ថែមថា ជាក់ស្តែងកម្មវិធីផ្លាស់ប្តូរពិសោធន៍ការងារ ទស្សនកិច្ចសិក្សា វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដែលបានរៀបចំឡើងនៅកម្ពុជា និងនៅសិង្ហបុរី និងវគ្គហ្វឹកហ្វឺនដទៃទៀត ដែលជាកម្មវិធីសហការ រវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) និងសាលាមុខងារសាធារណៈសិង្ហបុរី (Singapore Civil Service College) ដែលមានមន្ត្រីរាជការកម្ពុជា ជាច្រើនរយនាក់បានចូលរួម។
ជាមួយគ្នានោះ ភាគីទាំងពីរបានប្តេជ្ញារួមគ្នា ក្នុងការបន្តជំរុញទំនាក់ទំនង សហប្រតិបត្តិការទ្វេភាគីឱ្យ កាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់ចំណង មិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-សិង្ហបុរីផងដែរ៕
ដោយ៖ធី លីថូ