ព័ត៌មានជាតិ

កម្ពុជា ស្នើជប៉ុនជួយពិនិត្យ លើម៉ាស៊ីនត្រួតពិនិត្យគឿងញៀន បន្ថែមទៀត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើដល់ លោក Yoshiki YOKOYAMA លេខាទី១ ទទួលបន្ទុកកិច្ចការសន្តិសុខ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ឲ្យជួយពិនិត្យមើល លើម៉ាស៊ីនត្រួតពិនិត្យគឿងញៀន បន្ថែមទៀត ខណ:បច្ចុប្បន្ន ការចរាចរណ៍គឿងញៀន មានការកើនឡើងនៅតាមព្រំដែន។

ក្នុងជំនួបជាមួយលោកYoshiki YOKOYAMA លេខាទី១ ទទួលបន្ទុកកិច្ចការសន្តិសុខ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា លោកមានបំណង រឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោក បានអញ្ជើញ នាយឧត្តមសេនីយ៍ អគ្គនាយក ចូលរួមចុះហត្ថលេខា ទទួលយកម៉ាស៊ីនត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២០ ខាងមុខ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះភាគីជប៉ុន ដែលបានផ្តល់ម៉ាស៊ីន ត្រួតពិនិត្យអាវុធជាតិផ្ទុះ។

ជាមួយគ្នានោះលោក អគ្គនាយកអន្តោប្រវេសន៍ “ស្នើឲ្យភាគីជប៉ុន ជួយពិនិត្យបន្ថែមទៀត លើម៉ាស៊ីនត្រួតពិនិត្យគឿងញៀន ដោយសារតែបច្ចុប្បន្ន ការចរាចរណ៍គឿងញៀន មានការកើនឡើង នៅតាមព្រំដែន”។

លើសពីនេះទៀត​ លោកក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាស្ថានទូតជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងជួយលើកកម្ពស់ប្រទេសកម្ពុជា លើគ្រប់វិស័យផងដែរ៕ ដោយ៖ធី លីថូ

To Top