ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់ ឋានន្តរសក្តិ គ្រឿងឥស្សរិយយសជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និង ពិកា ឆ្នាំ ២០២០ ចំនួន ៣៣ នាក់ ។
ពិធីនេះ ធ្វើឡើងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ ។ បន្ទាប់ពីពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំយោធិន ដែលចូលនិវត្តន៍ទាំង ៣៣ រូប ចូលរួមប្រជុំពីចម្ងាយ តាមរយៈប្រព័ន្ធ Video Conference ព្រមគ្នា ជាមួយយោធិនសោធននិវត្តន៍ឆ្នាំ២០២០ ទូទាំង ២៥ រាជធានី – ខេត្ត ដើម្បីស្តាប់ ប្រសាសន៍ សំណេះសំណាលរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ។
ក្រោយបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ ក៏មានអំណោយមួយចំនួន ប្រគល់ជូនយោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និងពិកាឆ្នាំ២០២០ ទាំង ៣៣ នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ៥០ ម៉ឺនរៀល ភេសជ្ជៈ ៤ កេសនិង មី ០២ កេសផងដែរ ៕