ព័ត៌មានជាតិ

TYDA មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ចុះMOU ដើម្បីសហប្រតិបត្តិការ លើសកម្មភាពមនុស្សធម៌

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចុះMOU ដើម្បីសហប្រតិបត្តិការ លើសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះជីវិតកុមារកម្ពុជា។

លោកវេជ្ជបណ្ឌិត Danis LAURENTនាយកមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ថា យើងទាំងអស់គ្នា ពិតជាមានភាពរីករាយ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោនា(TYDA) ពេលកន្លងមក និងបន្តកិច្ចការមនុស្សធម៌ដ៏ល្អនេះ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) មានលើកឡើងថា សមាគមTYDA និងមន្ទីរពេទ្យគន្ធបុប្ផាមានទស្សនៈវិស័យ និងគោលបំណងដូចគ្នា ដើម្បីផ្ដល់នូវការព្យាបាលគិតថ្លៃ ជួយសង្គ្រោះជីវិតកុមារ។ ដូច្នេះយើងត្រូវតែធ្វើការរួមគ្នា និងរក្សាកិច្ចសហប្រតិបត្តិការ សកម្មភាពមនុស្សធម៌ល្អប្រពៃនេះ ដើម្បីចូលរួមជាមួយ នឹងរាជរដ្ឋាភិបាល និងសប្បុរសជននានា ដើម្បីជួយសង្គ្រោះជីវិតកុមារឥតគិតថ្លៃ ព្រមទាំងលើកស្ទួយវិស័យសុខាភិបាល នៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចុះMOU ដើម្បីសហប្រតិបត្តិការ លើសកម្មភាពមនុស្សធម៌ ក្រោមវត្តមានរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) និងលោកវេជ្ជបណ្ឌិត Danis LAURENT នាយកមន្ទីរពេទ្យគន្ធបុប្ផា និងមានការចូលរួម ពីសំណាក់សាស្ត្រចារ្យ វេជ្ជបណ្ឌិតជាច្រើនរូបទៀត។

នាឱកាសនោះផងដែរ លោក ស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថវិកា ចំនួន៨០ លានរៀល និងម៉ាសចំនួន៥ ម៉ឺន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ បន្ទាប់ពីពិធីចុះMOU លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសប្បុរសជន ព្រមទាំងក្រុមការងារបាន សួរសុខទុក្ខ និងចែកអាហារ ភេសជ្ជៈ ដល់អ្នកជំងឺជាកុមារ ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងបរិយាកាសស្និទ្ធស្នាល៕

To Top