ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិ សុវត្ថិភាពចរចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី៣០ តុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរចរណ៍ផ្លូវគោក ថ្មីៗនេះ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ជាមួយការខិតខំទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ការ ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងខ្យល់ព្យុះ និងត្រៀមស្ដារឡើងវិញនូវភាពរងគ្រោះជាសកលក្នុងឆ្នាំ២០២ ០នេះ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើការអំពាវនាវ ដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានដូចខាងក្រោម ៖

ទី១-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

ទី២-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។

ទី៣-មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

ទី៤-មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។

ទី៥-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។

ទី៦-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាម ទោចក្រយានយន្ត។

ទី៧-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

ទី៨-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។

ទី៩-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ជាដើម។

និងទី១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ៕

To Top