ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវឲ្យអាជ្ញាធរ យកចិត្តទុកដាក់ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យអុំទូក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ សប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យអុំទូក ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២០ ថា អបអរសាទរ និងសប្បាយរីករាយ ក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០ ថ្ងៃទី១ ។

សម្ដេចតេជោ បន្ដថា “ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង”។

សម្ដេចតេជោ បន្ថែមថា ក៏ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយប្រជាពលរដ្ឋ ត្រូវតែមានការប្រុង ប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវការណែនាំ របស់ក្រសួងសុខាភិបាល ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋនិងទេសចរ បរទេសមានឱកាសបានសប្បាយរីករាយ ក្នុងក្នុងថ្ងៃឈប់ សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស”៕ដោយ ៖ អេង ប៊ូឆេង

To Top