ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី (SCG) ដែល ជា ក្រុមហ៊ុន ឧស្សាហកម្ម ស៊ីម៉ងត៍ និង គ្រឿង សំណង់ ឈាន មុខ គេ មួយ នៅតំបន់អាស៊ាន បាន ចូលរួម ចំណែក ជាមួយរដ្ឋាភិបាល កម្ពុជា នៅក្នុងកិច្ច ប្រឹងប្រែង ជួយ សង្គ្រោះ ដល់ ជនរងគ្រោះ ទឹក ជំនន់ ដោយរួមវិភាគទាន ជា ជំនួយ គ្រឿង ឧបភោគ បរិភោគសម្រាប់ ជនរងគ្រោះ ប្រមាណ ១៣០០ គ្រួសារ ។
ជំនួយ នេះ បាន ធ្វើឡើង តាមរយៈ ក្រសួង សាធារណការនិងដឹកជញ្ជូន, ក្រសួង រ៉ែ និងថាមពល និង សាលារាជធានីភ្នំពេញសម្រាប់ ការ ចែក ជូន បន្ត ទៅ ដល់ គ្រួសាររងគ្រោះ នៅក្នុង តំបន់ ដែល រងផល ប៉ះពាល់ ធ្ងន់ធ្ងរ បំផុតពី ទឹក ជំនន់ ។
នៅឯទីស្ដីការក្រសួង សាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បាន ស្វាគមន៍ ការរួមចំណែករបស់ក្រុមហ៊ុន អេសស៊ីជី នៅក្នុង កិច្ចការ សង្គ្រោះ ទឹក ជំនន់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគ្រឿងឧបភោគបរិភោគទាំងនេះ ដែល អាច សម្រាល ការលំបាក បានខ្លះ ដល់ ជីវភាពប្រចាំថ្ងៃរបស់ជនរងគ្រោះ ។
ទន្ទឹមនឹងនេះដែរ នៅឯ ក្រសួង រ៉ែនិងថាមពល លោករដ្ឋលេខាធិការ ស៊ុយ ឌីម៉ង់ ក៏បាន ថ្លែង អំណរគុណ ដល់ ក្រុមហ៊ុនផងដែរចំពោះ វិភាគទាន ជាជំនួយ ស្បៀង អាហារ ទាំងនេះ ដើម្បីជួយ សម្រាល ការខ្វះខាតរបស់ ប្រជាជនរងគ្រោះដោយសារទឹកជំនន់ ។
លោក ស៊ុយ ឌីម៉ង់ បាន មានប្រសាសន៍ថា ក្រុម ការងារ របស់ក្រសួង នឹង ចែក អំណោយ ស្បៀង ទាំងនេះ ដល់ គ្រួសាររងផលប៉ះពាល់ នៅតាម តំបន់ ដែល រងគ្រោះ ធ្ងន់ធ្ងរ បំផុត ដោយសារ គ្រោះ ធម្មជាតិទឹកជំនន់ ឆ្នាំនេះ ។
ស្របពេល ជាមួយគ្នា នេះ ដែរ បុគ្គលិកនិង ថ្នាក់គ្រប់គ្រង របស់ អេសស៊ីជី ក៏បាន ចូលរួមជាមួយ សាលារាជធានីភ្នំពេញ ចុះ ចែកអំណោយ ជាស្បៀង អាហារ ដល់ គ្រួសាររងគ្រោះ ប្រមាណ ៣០០គ្រួសារ នៅតំបន់ លិចទឹក ក្នុង ខណ្ឌ ដង្កោរ ផងដែរ ។
លោក រ៉ាឆាយុទ្ធ កាសេមឆៃសិរី នាយក អេសស៊ីជី ប្រចាំកម្ពុជា បាន ថ្លែងថា គ្រោះទឹកជំនន់ ឆ្នាំ នេះ បាន បង្ក ការខូចខាតធ្ងន់ធ្ងរចំពោះ ប្រជាជន កម្ពុជា ហើយ ក្នុងនាម ជា ក្រុមហ៊ុនឯកជន ដែល ប្រតិបត្តិការ នៅ កម្ពុជា យូរឆ្នាំ មកហើយ យើងសូម ចូលរួមចំណែក ជួយ សម្រាល ការលំបាក នេះ ជាមួយរាជរដ្ឋាភិបាល កម្ពុជា និង ប្រជាជន កម្ពុជា ។
លោក រ៉ាឆាយុទ្ធ កាសេមឆៃសិរី មានប្រសាសន៍ថា “ជំនួយ ជា ស្បៀង អាហារ សម្រាប់ ១៣០០ គ្រួសារនេះ ជាការ រួមចំណែករបស់ ក្រុមហ៊ុន ជួយ សម្រាល ខ្លះៗ នូវ ការលំបាក ដែល ប្រជាជន កម្ពុជា បាន ជួបប្រទះដោយសារ គ្រោះទឹកជំនន់ ។ ”
ឆ្នាំនេះ ប្រទេស កម្ពុជា បាន ជួប ប្រទះ នូវគ្រោះ ទឹក ជំនន់ ធ្ងន់ធ្ងរ បំផុត ក្នុង រយៈពេល ប៉ុន្មានឆ្នាំ ចុង ក្រោយ នេះ ដោយ បង្ក ផលប៉ះពាល់ ដល់ រាជ ធានី-ខេត្ត ចំនួន ២០ នៅទូទាំង ប្រទេស ។
គិតត្រឹម ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ មនុស្ស យ៉ាងហោចណាស់ ៤៣នាក់ បាន ស្លាប់បាត់បង់ ជីវិត និង ប្រជាជនជាង ៥សែននាក់រងផលប៉ះពាល់ ពីគ្រោះ ទឹកជំនន់ ដែល បណ្ដាល មក ពី ភ្លៀង ធ្លាក់ខ្លាំង នៅទូទាំង ប្រទេស នេះ ៕
ដោយៈ សយ សុជាតា



