ព័ត៌មានជាតិ

ភាគីពាក់ព័ន្ធ នឹងរៀបចំ មហោស្រពភាពយន្ត ជប៉ុន ប្រចាំឆ្នាំ២០២០ នៅអំឡុងខែវិច្ឆិកានេះ

ភ្នំពេញ ៖ មូលនិធិជប៉ុន រួមសហការជាមួយ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងរៀបចំមហោស្រពភាពយន្តជប៉ុន ប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ និងថ្ងៃទី១៤ និង១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ នៅរាជធានីភ្នំពេញ ក្នុងរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអន២ និងរោងភាពយន្ត Legend សួនអេដែន។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា កម្មវិធីបើកមហោស្រពភាពយន្តនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ទី៦ ខែវិចិ្ឆកា ឆ្នាំ២០២០ ចាប់ពីម៉ោង៣រសៀលទៅ នៅរោងភាពយន្តMajor Cineplex ក្នុងផ្សារទំនើបអ៊ីអន២ ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក គឹសាកាបិ យ៉ូស៊ឹកិ នាយកនៃមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងនៅទីក្រុងភ្នំពេញ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សូមជម្រាបថា ភាពយន្តដែលត្រូវចាក់បញ្ចាំង សម្រាប់កម្មវិធីបើក គឺមានចំណងជើងថា Talking The Pictures ។ មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ ដើម្បីជម្រុញការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសជប៉ុន និងកម្ពុជា៕

To Top