ភ្នំពេញ៖ កម្លាំងក្នុងទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រមូលផ្តុំ កម្លាំងចំណុះឲ្យបញ្ជាការដ្ឋានទាំងអស់ អនុវត្តជាប្រចាំនូវការចូលរួមគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ។
ក្រោយពីគោរពទង់ជាតិរួច សមាជិកនាយទាហាន នាយទាហានរង ទាំងអស់បានចូលរួមស្តាប់នូវសារអប់រំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩ (Covid-19) ដោយក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ទាន់ពេលវេលា នូវជម្ងឺកូវីដ-១៩ (Covid-19) យ៉ាងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំ របស់លោកនាយឧត្តមសេនីយ៍ផងដែរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯក មេបញ្ជាការ បានណែនាំដល់ នាយទាហាន នាយទាហានរង ទាំងអស់ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលបានកើតឡើងក្នុងមូលដ្ឋាន និងត្រូវត្រៀមលក្ខណៈ ឲ្យបានរួចរាល់ដើម្បីជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលជួបគ្រោះអាសន្ន គ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ ។ ជាពិសេសបានក្រើនរំលឹកពីគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់រលកទីពីរ នៃការចម្លងជម្ងឺវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានណែនាំដល់កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទាំងអស់ត្រូវតែចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យបានខ្ជាប់ខ្ជួន ៕