ភ្នំពេញ ៖ រយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនា កម្សាន្ត នៅទូទាំងប្រទេស ប៉ុន្តែការចំណាយការ ថមថយជាងមុន ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍។
បើតាមលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងបន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរ ក្នុងស្រុកនោះ មានភ្ញៀវជាតិ មានចំនួនប្រមាណ ៦៣៥,៥៦៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួនប្រមាណ ៩,១៣០ នាក់ ។
លោក ថោង ខុន បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
- ខេត្តសៀមរាប៖ ១៦៧,២២៥ នាក់
- ខេត្តកំពត៖ ៧៣,៥៩២ នាក់
- ខេត្តព្រះសីហនុ៖ ៥៤,៤០០ នាក់
- ខេត្តកណ្តាល៖ ៥១,៨៦២ នាក់
- ខេត្តកំពង់ស្ពឺ៖ ៤៣,២៤៤ នាក់
- ខេត្តកែប៖ ៣៨,៥៥៨ នាក់
- ខេត្តកោះកុង៖ ២៨,២៧៥ នាក់
- ខេត្តមណ្ឌលគិរី៖ ២២,០២៣ នាក់ ។
ជាការគួរកត់សម្គាល់ និងការវាយតម្លៃបឋមបន្ថែម ពីលើរបាយការណ៍ប្រចាំថ្ងៃ ក្រសួងបានសង្កេតឃើញថា លើកនេះ ដោយសារផលវិបាកពីគ្រោះទឹកជំនន់ តំបន់ពាយព្យ ដែលធ្លាប់ទទួលភ្ញៀវ បានច្រើនមានការថមថយចំនួន ។ ប៉ុន្តែនៅសៀមរាម-អង្គរ តំបន់ឆ្នេរសមុទ្រ និងនៅតំបន់ឦសាន្ត ពិសេសខេត្តមណ្ឌលគិរី ក៏នៅទទួលបានភ្ញៀវច្រើន។ ចំពោះរាជធានីភ្នំពេញ ទោះពុំមានការប្រារព្ធពិធីអុំទូក ក៏មានប្រជាពលរដ្ឋប្រមាណ ៤០ ម៉ឺននាក់នាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា និងតំបន់វិមានឈ្នះ-ឈ្នះ។
ក្នុងរយៈពេលឈប់បុណ្យអុំទូកនេះ មានសកម្មភាពទេសចរណ៍ ល្អប្រសើរ គ្រាន់តែតំបន់ខ្លះហាក់ថមថយបន្តិចបើធៀបនឹងការឈប់សម្រាកមុនៗ ដោយហេតុថា កាលឈប់សម្រាកសងចូលឆ្នាំ គឺជាការឈប់សម្រាកលើកទី១ បន្ទាប់ពីការផ្អាកមួយរយៈ រីឯកាលភ្ជុំបិណ្ឌ គឺជាការដើរកម្សាន្តបន្ត ក្រោយធ្វើបុណ្យនៅតាមវត្តអារាម។ រីឯពេលនេះ គឺជាពេលទើបក្រោយទឹកជំនន់ ហេដ្ឋារចនាសម្ពន្ធមួយចំនួនរងការខូចខាត និងខ្លះកំពុងជួសជុល។ ម្យ៉ាងទៀត ក៏ដោយការបារម្ភពីធាតុអាកាសឥទ្ធិពលព្យុះម៉ូឡាវផងដែរ។
ចំពោះការចំណាយ តាមការវាយតំលៃបឋម ការចំណាយរបស់ភ្ញៀវទេសចរមានកម្រិត ដោយសារពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ និងរៀបចំម្ហូបអាហារ តាមខ្លួនខ្លះ ខណៈដែលចំណូលមិនសូវមានច្រើន ក្នុងដំណាក់កាលកូវីដ-១៩នេះ ។ ទោះយ៉ាងណា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនមានភាពរីករាយ ជាមួយចរន្តភ្ញៀវទេសចរផ្ទៃក្នុងនេះ នៅគ្រប់គោល ដៅទេសចរណ៍។ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើង គួរកត់សម្គាល់ទេ ។
ដោយឡែក បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ទោះបីនៅមានបញ្ហាខ្លះត្រូវបន្តដោះស្រាយ ។
ទន្ទឹមនឹងនេះ គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមដំបូន្មានក្រើនរំលឹក របស់សម្តេចតេជោ ហ៊ុន សែន គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋាន របស់គណៈអភិបាលរាជធានី-ខេត្ត៕