ភ្នំពេញ ៖ លោកស្រី កុយ ពិសីអនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជានិងប្រទេសវៀតណាម បានបញ្ចប់នូវការបោះបង្គោលព្រំដែនគោកជាមួយគ្នាទាំងស្រុងនៅខេត្តចំនួន៣។
ខេត្ត៣ដែលលោកស្រីលើកឡើងពីការបញ្ចប់បោះ បង្គោលព្រំដែននោះរួមមាន៖ ខេត្តព្រៃវែង ក្រចេះ និងត្បូងឃ្មុំ។
នេះជាការបញ្ជាក់របស់លោកស្រីលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយបញ្ចប់សម័យប្រជុំរដ្ឋសភា នា ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសការពារសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម។
លោកស្រី កុយ ពិសីថ្លែងបញ្ជាក់ថា “សូមអបអរសាទរ ចំពោះជាតិមាតុភូមិកម្ពុជា ពលរដ្ឋកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបញ្ចប់បានទាំងស្រុងការបោះបង្គោល និងខណ្ឌសីមាព្រំដែនគោកកម្ពុជាជាមួយនឹងវៀតណាមនៅខេត្តចំនួន៣ គឺខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
អនុប្រធានកិច្ចការងារព្រំដែនបន្តថា នេះជាសមិទ្ធផល ប្រវត្តិសាស្រ្តលើកដំបូងសម្រាប់កម្ពុជាដែលមានសិទ្ធិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតក គ្រប់ជំនាន់តទៅ។
លោកស្រីក៏បានអរគុណដល់មន្រ្តីព្រំដែន និងស្ថាប័នពាក់ព័ន្ធដែលខិតខំទម្លុះទម្លាយគ្រប់ឧបសគ្គ តស៊ូក្រាញននៀលដើម្បីសម្រេចបាននូវផ្លែផ្កានាថ្ងៃនេះ។
លោកស្រីក៏មិនភ្លេចអរគុណសន្តិភាព អរគុណសម្តេចតេជោសែន និងថ្នាក់ដឹកនាំ CPP ដែលយកជីវិតធ្វើដើមទុនសម្រាប់ជាតិ។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា- វៀតណាម មាន៣មាត្រា ត្រូវបានភាគីទាំងពីរទទួលបន្ទុកកិច្ចការព្រំដែនចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅវៀតណាម។
គួរបញ្ជាក់ថា កម្ពុជា-វៀតណាម មាន ព្រំដែន គោក ប្រវែង ១២៧០គីឡូម៉ែត្រ ដោយ ភាគី ទាំងពីរ បាន ព្រមព្រៀង គ្នា សម្រេចកិច្ចការបោះបង្គោលព្រំដែន បានចំនួន៨៤%ហើយ៕