ភ្នំពេញ៖ លោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិ បានសន្យា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ប្រាប់ ដល់ភ្ញៀវទេសចរនៅប្រទេសសិង្ហបុរី ដើម្បីជំរុញឱ្យពួកគេបានស្គាល់ និងមកទស្សនាប្រទេសកម្ពុជា ពិសេសនៅពេលចប់វិបត្តិជំងឺកូវីដ-១៩។ការសន្យារបស់ឯកអគ្គរដ្ឋទូតសិង្ហបុរី បែបនេះ បានធ្វើឡើងក្នុងឱកាសចូលជួបជម្រាបលាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ មុនចាកចេញពីកម្ពុជាត្រលប់ទៅសិង្ហបុរីវិញ។
នាឱកាសនោះដែរ លោក ថោង ខុន បានលើកឡើងថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស របស់កម្ពុជាដោយបានបង្កើត ឱ្យមានមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (Cambodia-Singapore Cooperation Center) ក្នុងនោះមានមន្ត្រីរាជការនិងនិស្សិត កម្ពុជាបានទៅចូលរួមទទួល ការបណ្ដុះបណ្ដាលបានជាច្រើនផងដែរ។
ជាមួយគ្នានោះ ស្ថានទូតសិង្ហបុរី និងក្រសួងទេសចរណ៍ក៏បានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍ Street Art Fistival នៅរាជធានីភ្នំពេញ ដែលបានបង្ហាញពីគោលដៅទេសចរណ៍ និងម្ហូបអាហាររបស់កម្ពុជាផងដែរ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោក រដ្ឋមន្ត្រីបានសង្កេតឃើញមានភ្ញៀវទេសចរមកពីសិង្ហបុរីមានការកើនឡើង នៅមុនពេលមានបញ្ហាជំងឺកូវីដ ហើយពីកម្ពុជាទៅកាន់សិង្ហបុរីក៏ មានការកើនឡើងច្រើន រួមទាំងអ្នកវិនិយោគផងដែរ។

លើសពីនេះទៀត លោក ថោង ខុន បានស្នើឱ្យឯកអគ្គរដ្ឋទូត ចប់អាណត្តិរបស់មិត្តសិង្ហបុរីរូបនេះ ជួយទាក់ទាញអ្នកវិនិយោគរបស់ខ្លួន ឱ្យមកវិនិយោគទុននៅកម្ពុជាឱ្យបានច្រើន ពិសេសលើ វិស័យទេសចរណ៍និងស្នើដល់សិង្ហបុរី ជួយឧបត្ថម្ភគាំទ្រដល់ការបណ្ដុះបណ្ដាល ជំនាញទេសចរណ៍កម្ពុជា ស្របតាមកម្មវិធីសិក្សាអាស៊ាន ដែលរដ្ឋាភិបាលសិង្ហបុរី ធ្លាប់ជួយគាំទ្រអាស៊ានកន្លងមក៕
