ភ្នំពេញ៖ លោក ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ចប់អាណត្តិប្រចាំកម្ពុជា បានថ្លែងកោតសរសើរនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជា គឺជាប្រទេសដែលមាន សុវត្ថិភាពបំផុតសម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះ ។
ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ វិច្ឆិកានេះ លោក ម៉ៃឃែល តាន់ បានមានប្រសាសន៍ថា ក្នុងដំណាក់កាលការទូត របស់លោកនៅក្នុងប្រទេសកម្ពុជា លោកក៏បានជួបនូវបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកក៏បានជម្រាបជូនសម្ដេចតេជោថា «កម្ពុជាគឺជាប្រទេសដែលមាន សុវត្ថិភាពបំផុតសម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះ» ។
លោកពិតជាមានមោទនភាព ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអនុញ្ញាតឲ្យលោករៀបចំ កម្មវិធីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថា កម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាព មិនមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំនោះប្រព្រឹត្តទៅបានជោគជ័យ ដោយអនុវត្តតាមគោលការណ៍ របស់រាជរដ្ឋាភិបាល។
លោកទូត បន្ថែមទៀតថា លោកពិតជាមានជំនឿជឿជាក់ថា កម្ពុជា និងសិង្ហបុរី នឹងអាចមានទំនាក់ទំនង កាន់តែល្អប្រសើរឡើងថែមទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ហើយទាំងអស់នេះ អាចធ្វើទៅបានដោយមានការគាំទ្រ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ថាប័ន និងស្ថាប័ន ជាពិសេសរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ម៉ៃឃែល តាន់ និងរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រដល់ ប្រទេសកម្ពុជារយៈពេលកន្លងមក។ សម្ដេចតេជោ ក៏បានយល់ស្របផងដែរ ចំពោះការលើកឡើងរបស់សិង្ហបុរី អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសមរភូមិ៣ ដែលសមរភូមិ ទី១ គឺធ្វើយ៉ាងណាប្រយុទ្ធទប់ស្កាត់ កុំឲ្យនាំចូលជំងឺនេះមកពីប្រទេសខាងក្រៅ សមរភូមិទី២ គឺធ្វើយ៉ាងណាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់សហគមន៍ និងសមរភូមិទី៣ គឺធ្វើយ៉ាងណាព្យាបាលអ្នកជំងឺ ដែលបានឆ្លងជំងឺកូវីដ-១៩នេះ ឱ្យជាសះស្បើយ ៕
ដោយ៖ ខា ដា