ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន បានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួល គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២០ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួម ចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬ ជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់ បុគ្គលទាំងនេះក្នុងវិស័យផ្សេងៗ ទៀតនៅក្នុងសង្គម។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា “លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្រ្តាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូល រួមវិភាគទានរបស់ឯកឧត្ដម ក្នុងកិច្ចការ ជំរុញនៃការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នា ទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា”។
ទាក់ទងនឹងស្ថានទូតជប៉ុន លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការ បណ្តុះបណ្តាលមន្រ្តីការទូតរបស់ស្ថានទូត ជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈ ការផ្តល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀតដើម្បីឱ្យមន្រ្តីទាំងនោះ មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា។ ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនៅពេលខាងមុខ៕