ព័ត៌មានជាតិ

អាជ្ញាធរចម្រុះរាជធានី ដឹកនាំដោយ អភិបាលក្រុងផ្ទាល់ ចុះជួយលាងសម្អាត ផ្ទះពលរដ្ឋ ក្នុងបុរីវីអាយភី

ភ្នំពេញ៖ បន្ទាប់ពីជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋ បានស្រកទៅវិញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើសកម្មភាព ជួយសម្អាតភូមិដ្ឋាន ក្នុងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា សកម្មភាពទាំងនេះ ត្រូវបានធ្វើឡើង តាមអនុសាសន៍ណែនាំ របស់សម្ដេច តេជោហ៊ុន សែនបានជម្រុញអាជ្ញាធររាជធានី ខេត្តដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងប្រើប្រាស់កម្លាំងចម្រុះទាំងអស់ ធ្វើយ៉ាងណារំដោះពលរដ្ឋចេញពីតំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាពជាជាបន្ទាន់ ជាមួយនិងការឧបត្ថម្ភជាស្បៀងអាហារគ្រឿងឧបភោគបរិភោគ ផ្តល់កិច្ចការពារសន្តិសុខ សុវត្ថិភាពនិងទ្រព្យសម្បត្តិជូនពួកគាត់ នៅពេលទឹកស្រកទៅវិញ។

លោក ឃួង ស្រេង បានឲ្យដឹងថា “ជាក់ស្តែងការងារនេះ យើងបានធ្វើជាប្រចាំ នៅក្នុងតំបន់ ដែលទទួលរងការ លិចលង់ នៅពេលទឹកបានស្រកទៅវិញអស់ ដូចជានៅបុរីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះជាដើម”។

គួរឲ្យដឹងដែរថា បូរីវីអាយភី ដែលស្ថិតនៅក្នុងសង្កាត់ ស្ពានថ្ម ខណ្ឌដង្កោនេះ នៅពេលជំនន់ទឹកព្រែកត្នោតជន់លិចនោះ បានធ្វើឲ្យបុរីទាំងមូលទទួលការលិចលង់ជ្រៅជាងគេ តែស្ថានភាពទឹកហូរក្រោយពេលទឹកស្រក ទៅវិញ ក្នុងបុរីទាំងមូល មិនកខ្វក់ប៉ុន្មានទេ ខណៈអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំង ចម្រុះ ប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ រថយន្តបូមលូបាញ់លាងសម្អាត គឺបានវិលទៅរក ភាពល្អប្រសើរដូចដើមវិញ ពោលមិនមានភក់ និងសំរាមច្រើននោះទេ ហើយមេរោគក៏មិនមានច្រើនដែរ៕

To Top