ភ្នំពេញ៖ លោក Michael Tan Keng Soing ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា បានគាំទ្រគោលន យោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ប្រើប្រាស់ប្រាក់រៀល ដែលកន្លងមកទទួលបាន ជោគជ័យជាបន្តបន្ទាប់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិនៃកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាជាមួយ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃ កម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Michael Tan Keng Soing បានថ្លែងថា «ចូលរួមអបអរសាទរ និងបង្ហាញនូវការគាំទ្រចំពោះគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលកន្លងមកទទួលបានជោគជ័យជាបន្តបន្ទាប់ និងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយរូបិយវត្ថុនៅកម្ពុជា»។
ទូតសិង្ហបុរី ប្រចាំកម្ពុជា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តុការទ្វេភាគី និងបានបង្កលក្ខណៈអំណោយផលដល់ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ។ នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ សិង្ហបុរីបង្កើនការវិនិយោគគួរឲ្យកត់សម្គាល់ ក្នុងនោះ ភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរី រួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឲ្យវិស័យធនាគារ កាន់តែមានការរីកចម្រើន។
ចំណែក លោក ជា ចាន់តូ ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសិង្ហបុរី ក៏ដូចជា អាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍកសាងសមត្ថភាព របស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ការចែករំលែកបទពិសោធក្នុងវិស័យធនាគារ ក៏ដូចជាបានសហការរួមចំណែកក្នុងការ ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា ៕