ព័ត៌មានជាតិ

ក្រសួងការបរទេសបញ្ជាក់ថា មន្រ្តីកម្ពុជា ដែលមានទំនាក់ទំនងផ្ទាល់ ជាមួយរដ្ឋមន្រ្តីការ បរទេស ហុងគ្រី ត្រូវបានធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកក នៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា ឯកឧត្តម រដ្ឋមន្រ្តី មានលទ្ធផលវិជ្ជមាន ។ សូមបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ បានធ្វើតេស្ត និងមានវិញ្ញាបនបត្រសុខភាព បញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា ។

​បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ច ធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួង សុខាភិបាល ៕

To Top