ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុតិ្តធម៌ ៖ ការទប់ស្កាត់ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ គឺដើម្បីការពារអាយុជីវិតពលរដ្ឋ និងបញ្ជៀសហានិភ័យ សម្រាប់សង្គមជាតិ

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានឲ្យដឹងថា ការរួមគ្នាក្នុងការទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំង ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ គឺដើម្បីបម្រើផលប្រយោជន៍រួម ក្នុងការការពារសុ ខភាព និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំង បញ្ជៀសនូវហានិភ័យនានាសម្រាប់សង្គមជាតិ។

ក្នុងពិធីកម្ទេចឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ជាង៥៤០តោន នៅទីលានចាក់សំរាម ខណ្ឌដង្កោ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កើត រិទ្ធ បានថ្លែងថា បញ្ហាឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយ ជាបញ្ហា សុខភាពសាធារណៈ និងជាអាទិភាពមួយដ៏សំខាន់ ដែលចាំបាច់ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ការរួមគ្នាពីមន្រ្តីអនុវត្តច្បាប់ និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ និងការ ប្រយុទ្ធប្រឆាំងឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺដើម្បីបម្រើប្រយោជន៍រួមក្នុង ការការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងបញ្ជៀសនូវហានិភ័យនានាដែលបង្ក ឡើងដោយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់សម្រាប់សង្គមជាតិ»។

លោកបន្ដថា ការផលិត ,ការនាំចេញ ,ការនាំចូល និងការចែកចាយឱសថខុសច្បាប់ និងផលិតផល ក្លែងក្លាយ គឺជាបទល្មើសមួយដែលមានលក្ខណៈធ្ងន់ធ្ងរ។ ហេតុដូចនេះ បន្ថែមលើការដកហូត និងការកម្ទេចចោលនូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ មន្រ្តីអនុវត្តច្បាប់ត្រូវពង្រឹងការអនុវត្ត វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ និងត្រូវផ្តន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយ៕

ដោយ ៖ អេង ប៊ូឆេង

To Top