ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានធ្វើការណែនាំ ឲ្យកងកម្លាំង មានសមត្ថកិច្ចចំណុះ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង ១៤បន្ត បន្តពង្រឹងលើការបង្ក្រាប ល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ ។
លោក ឃួង ស្រេង បានលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ មានទាំងល្បែងតាមអនឡាញ ល្បែងស៊ីសងបៀ អាប៉ោង ជល់មាន់ជាដើម នៅតែបន្តកើតមាន នៅក្នុងរាជធានីភ្នំពេញ ។
ក្នុងនោះ លោកអភិបាលរាជធានីភ្នំពេញ បានជម្រុញ អោយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចុះធ្វើការស្រាវជ្រាវ និងមានវិធានការបង្រ្កាប ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូន ប្រជាពលរដ្ឋ។ ដោយឡែកចំពោះអ្នកកត់ឆ្នោតឡូតូ យើងគួរចុះទៅណែនាំផងដែរ ដោយមិនគួរឲ្យឆ្នោតឡូតូ ដែលមានច្បាប់អនុញ្ញាតនេះ ដូចគេលក់អីវ៉ាន់ចាប់ហួយនោះទេ ។
ជាងនេះទៅទៀត លោកក៏បានណែនាំ ឲ្យមានវិធានការផងដែរ ទៅលើការបង្ក្រាបគ្រឿងញៀន ការជួញដូរមនុស្សនិងការពិនិត្យ រដ្ឋបាលនៅតាមផ្ទះសំណាក់ ខុនដូនិងបុរីជាដើម ដើម្បីធ្វើយ៉ាងរក្សា បាននូវសន្តិសុខល្អល្អជូនប្រជាពលរដ្ឋ ។
លោកបញ្ជាក់ថា “ចំពោះកិច្ចការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច របស់យើងកន្លងមកនេះ ឃើញថា អនុវត្តបានល្អប្រសើរហើយ ប៉ុន្តែក៏នៅមានចំណុចខ្វះខាត មួយចំនួនផងដែរ ដែលយើងត្រូវខិតខំ បំពេញបន្ថែម ឲ្យបានល្អថែមទៀត” ។
លោកបន្តថា “យើងបានបំពេញការងារ ល្អហើយ តែបើយើងធ្វេសប្រហែសតែបន្តិចនោះ វានឹងនាំឱ្យយើងខូចឈ្មោះដែលយើងខំកសាង យ៉ាងលំបាកកន្លងមក ដូច្នេះត្រូវតែប្រឹងប្រែង និងម៉ឺងម៉ាត់”៕