ព័ត៌មានជាតិ

អ្នកស្រាវជ្រាវ ៖ បារីនាំចូលជាច្រើន មិនមានបិទតែមប្រិ៍ពន្ធ

ភ្នំពេញ ៖ យោងតាមលទ្ធផល អ្នកស្រាវជ្រាវ ដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីដើមឆ្នាំ ២០២០ អំពីការត្រួតពិនិត្យផលិតផលថ្នាំ ជក់នៅកម្ពុជា បានបញ្ជាក់ថា ២៨%នៃបារីនាំចូលទាំងអស់ ដែលកំពុងដាក់លក់នៅលើទីផ្សារ នៅកម្ពុជា មិនមានបិទតែមប្រិ៍ពន្ធ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ហើយបារីទាំងនោះ មានបារីម៉ាក ESSE Hero Oris និងGold Seal ជាដើម ។

បើតាមកិច្ចសម្ភាសន៍ របស់អង្គការចលនា ដើម្បីសុខភាពកម្ពុជាជាមួយ អាជីវករលក់បារី បានឲ្យដឹងថា បារីដែលមិនមានតែមប្រិ៍ពន្ធទាំងនោះ បានមកពីការចែកចាយដោយ ភ្នាក់ងារក្រុមហ៊ុនបារី និងបានមកពីការទិញផ្ទាល់នៅតាមដេប៉ូបោះដុំ ។ អាជីវករលក់បារី បានប្រាប់ថា ភ្នាក់ងារក្រុមហ៊ុនបារី តែងតែចែកចាយបារី ដល់ពួកគាត់ជាប្រចាំ ហើយពេលដែលមិនមានភ្នាក់ងារ ក្រុមហ៊ុនមក គាត់ទៅទិញផ្ទាល់នៅដេប៉ូលក់ដុំ ។

ទាក់ទងនឹងបញ្ហានេះ លោក យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសត្រួតពិនិត្យផលិតផលថ្នាំជក់ នៃអង្គការសុខ ភាពពិភពលោក បានមានមតិថា បារីដែលមិនមានបិទតែមប្រិ៍ពន្ធ គឺជាបារីខុសច្បាប់ ។ បារីខុសច្បាប់ គឺជាឧបសគ្គដ៏ធំមួយ នៃកិច្ចការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជា ព្រោះវាមិនត្រឹមតែធ្វើឲ្យខាតបង់ ចំណូល ពន្ធរដ្ឋនោះទេ ថែមទាំងធ្វើឲ្យប្រជាពលរដ្ឋ ប្រឈមនឹងជំងឺ ដែលបង្កពីការជក់បារី កាន់តែច្រើន ដោយ សារតែការប្រើប្រាស់ថ្នាំជក់កើនឡើង» ។

ជាងនេះទៅទៀត ការស្រាវជ្រាវរបស់អង្គការ UNDP FCTC WHO និង RIT International បានបង្ហាញថា បារី ដែលមិនបានបង់ពន្ធ បានរួមចំណែកធ្វើអោយបាត់បង ចំណូលពន្ធរបស់រដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាល ទប់ស្កាត់បារីគេចពន្ធអោយមានប្រសិទ្ធភាព នោះកម្ពុជា នឹងទទួលបានចំណូលពន្ធ ចំនួន៧% បន្ថែមពីលើពន្ធដែលប្រមូលបាន ពីពន្ធថ្នាំជក់ក្នុងពេលបច្ចុប្បន្ន ។

សូមរំលឹកថា ការប្រើប្រាស់ថ្នាំជក់បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ប្រជាពលរដ្ឋ និងបង្កឲ្យខាតបង់សេដ្ឋកិច្ចយ៉ាងធំធេង ។ ក្នុង១ឆ្នាំៗប្រជាពលរដ្ឋនកម្ពុជាប្រមាន ១៥០០០នាក់ បានស្លាប់ដោយសារជំងឺបង្ក ពីការប្រើប្រាស់ថ្នាំជក់ ហើយថវិកាប្រមាណ៦៥៦លានដុល្លារ ត្រូវបានខាតបង់ ៕
ដោយ ៖ អេង ប៊ូឆេង

To Top