ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ នាថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២០នេះ បានជួបពិធីសំណេះសំណាល ជាមួយមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នាទីបញ្ជាការកងពល(ចោមចៅ) ក្នុងឱកាស ប្រារព្ធពិធី រំលឹកខួបអនុស្សាវរីយ៍ លើកទី២៦ ថ្ងៃបង្កើតកងពល ១៥តុលា ១៩៩៤-១៥តុលា២០២០ ។
នាឱកាសនេះ លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កងពល គឺការកសាងហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ការជួយសង្គ្រោះប្រជាពលរដ្ឋ ទប់ស្កាត់ គ្រោះមហន្តរាយ មណ្ឌលសុខភាព ការជួយព្យាបាលប្រជាជនដោយមិនគិតថ្លៃ។
លោកបានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយ កងពលបានប្តេជ្ញា ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងគាំទ្រយ៉ាងមុឺងម៉ាត់ ចំពោះគោលជំហរ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកដឹកនាំប្រទេស។
ជាពិសេស សម្រាប់ទិសដៅ ឆ្នាំ២០២១ កងពលមានផែនការបន្ថែម លេីការហ្វឹកហ្វឺន ដេីម្បីបង្កេីននូវ សមត្ថភាពដល់នាយទាហាននាយទាហានរង និងពលទាហានជំនាន់ក្រោយ ដែលជាយោធិនវ័យក្មេង បន្តវេនទៅខាងមុខទៀតផង។
កងពលបានត្រៀមខ្លួនជាស្រេច អនុវត្តដាច់ខាត នូវបទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពល ខេមរភូមិន្ទ និងបញ្ជាការដ្ឋាន ទ័ពជេីងគោក។
កងពលតូចលេខ៧០ សម្រេចបាន រហូតមកទល់នឹងបច្ចុប្បន្ននេះ គឺអាស្រ័យដោយសារការខិតខំ ប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្ម គ្រប់បែបយ៉ាងប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជា សាមគ្គីឯកភាពគ្នាជាធ្លុងមួយ គួបផ្សំនឹងស្មារតី ទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការ គ្រប់ថ្នាក់ក្នុង ការបែងចែក និងចាត់ចែងអនុវត្តការងារ ប្រកបដោយជោគជ័យក្នុងរយៈពេលកន្លងមក។
សូមរំលឹក ដោយការខកខាន ពុំបានប្រារព្ធពិធីខួប ចំពេលវេលា ដោយមូលហេតុ កំពុងបំពេញកាតព្វកិច្ចជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជាភារកិច្ចចាំបាច់ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរងគ្រោះដោយសារទឹកជំនន់ ។ កម្លាំងសង្គ្រោះរបស់កងពល បានបំពេញតួនាទីជម្លៀសប្រជាជន សត្វពាហនៈ រកទីទួលសុវត្ថិភាពផង ដឹកជញ្ជូនពួកគេនិងសម្ភារៈ ត្រឡប់ទៅលំនៅដ្ឋាន ពេលទឹកស្រកផងចុះព្យាបាល និងចែកថ្នាំផង និងដុសលាងសំអាតផ្ទះ ថ្នល់ជូនប្រជាពលរដ្ឋវិញផង ។
ជាក់ស្តែងកងពលតូចលេខ៧០ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម ទប់ស្កាត់ការរីករាលនៃមេរោគ covid19នេះ តាមរយៈការចុះបាញ់ថ្នាំ សម្លាប់មេរោគតាមបណ្តាអង្គភាពទ័ពនិងស៊ីវិល ព្រមទាំងបាញ់ថ្នាំជូនប្រជាពលរដ្ឋជាអាជីវករ តាមផ្សារក្នុងរាជធានីភ្នំពេញ ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រោមបទបញ្ជាផ្ទាល់ ពី លោក ហ៊ុន ម៉ាណែត យើងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងអគារ ធ្វើការនៃទីស្តីការគណរដ្ឋមន្ត្រី ក្រោយពីរដ្ឋមន្ត្រីហុងគ្រីដែល មានជំនួបជាមួយថ្នាក់ដឹកនាំ មួយចំនួននៅទីនោះ បានចាកចេញពីកម្ពុជា និងត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគកូវីដ១៩ នៅទីក្រុងបាងកក ដោយមន្ត្រីចត្តាឡីស័ក ។ តាមរយៈ កងប្រតិបត្តិការរុករកននិងសង្គ្រោះ គ្រោះមហន្តរាយ៧១១ ។
ជាពិសេសកងពល នៅតែបន្តរឹតបន្តឹងការពារ ជំងឺកូវីដ១៩ អោយយោធិនទាំងអស់ ធ្វេីអនាម័យ វាស់កម្តៅ និងបាញ់អាល់កុលជាប្រចាំ។
សូមជម្រាបថា កងពលតូចលេខ៧០ គឺបង្កើតឡើងនៅថ្ងៃទី១៥ តុលា ឆ្នាំ ១៩៩៤ ដែលដំបូងឡើយ គឺមានឈ្មោះថា វរសេនាតូចលេខ៧១ បន្ទាប់មកបានប្រែក្លាយទៅជា វរសេនាធំលេខ៧០ មកដល់បច្ចុប្បន្ន ទើបក្លាយជាកងពលតូចលេខ៧០៕