ព័ត៌មានជាតិ

គិតត្រឹមខែកញ្ញា អាជីវកម្មទេសចរណ៍ ជិត៣ពាន់ទីតាំង បិទ-ព្យួរ និងប៉ះពាល់​ បុគ្គលិក ជាង៥ម៉ឺននាក់

ភ្នំពេញ ៖ លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួង ទេសចរណ៍ បានឲ្យដឹងថា គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍ ចំនួន២,៨៣៨ទីតាំង ស្មើនឹង២៩.៦៣% នៃអាជីវកម្មសរុបបានបិទ/ព្យួរ ដែលធ្វើឲ្យប៉ះពាល់ដល់បុគ្គលិក ចំនួន៥០,៩៩៦នាក់ ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍។

ក្នុងសិក្ខាសាលា ស្តីពីប្រតិបត្តិការ អាជីវកម្មទេសចរណ៍ ក្នុងដំណាក់កាលកូវីដ-១៩ «វិធានសុវត្ថិភាព ទេសចរណ៍ និងយន្តការលើកទឹកចិត្ត» នៅខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ លោក សុង តុងហាប់ បានថ្លែងថា «គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេស ចរណ៍សរុបចំនួន ២,៨៣៨ទីតាំង ស្មើនឹង២៩.៦៣% នៃអាជីវកម្មសរុបបានបិទ/ព្យួរ ដែលធ្វើឲ្យប៉ះពាល់ដល់បុគ្គលិក សរុប៥០,៩៩៦នាក់ ក្នុងនោះ ខេត្តសៀមរាប មានអាជីវកម្មទេសចរណ៍៦៥៨ទីតាំង បានបិទ/ព្យួរ ដែលស្មើនឹង៦២.១៣% នៃអាជីវកម្មសរុប ក្នុងខេត្តសៀមរាប បណ្តាលឲ្យបុគ្គលិក សរុប១៤,៧០២ នាក់ បាត់បង់ការងារ»។

លោកបញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ បានប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសកល ពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ ក្នុងនោះ វិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានព្យាករណ៍ថា នឹងមានកំណើនអវិជ្ជមាន ក្នុងរង្វង់ ៨០% សម្រាប់ទេសចរអន្តរជាតិ និង៥០% សម្រាប់ទេសចរណ៍ផ្ទៃក្នុង ជាមួយនឹងការបាត់បង់ចំណូល ប្រមាណ ៣ពាន់លានដុល្លារ ៕

To Top