ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០ បានអញ្ជើញបិទសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាង ឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នៅទីស្ដីការក្រសួងមហាផ្ទៃ។
សូមជម្រាបថា ការរៀបចំឱ្យមានសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់ លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)នេះឡើង គឺក្នុងគោលបំណង ដើម្បីផ្តល់ឱកាសជូនដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ចូលរួមពិនិត្យ ពិភាក្សាប្រមូលធាតុចូលសំខាន់ៗ នានា និងពិគ្រោះយោបល់លើចក្ខុវិស័យ សម្រាប់កំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានភាពជាក់លាក់ ច្បាស់លាស់ និងអាចសម្រេចបាន នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខតាមកម្មវិធីជាតិ ៕