ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជឱង្កាថា ប្រជានុរាស្រ្តកម្ពុជាទូទាំងព្រះរាជាណាចក្រ ព្រះបរម រាជានុញ្ញាតក្រាបថ្វាយនូវព្រះសព្ទសាធុការពរ និងអបអរសាទរក្នុងមនោសញ្ចេតនាគោរពថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះអង្គ ត្រូវបានរដ្ឋាភិបាលចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ។
នេះជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែក យ៉ាងសកម្មក្នុងការធ្វើទំនើប ភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន៕