ភ្នំពេញ ៖ លោក ស៊ី ជីងពីង (Xi JinPing) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានមានប្រសាសន៍ថា ព្រះរាជវង្សានុវង្សកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចជំនួសបាន ក្នុងចំណងមិត្តភាពចិន-កម្ពុជា រយៈពេលជាង៦០ឆ្នាំមកនេះ។ នេះបើតាមហ្វេសប៊ុកព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកប្រធានាធិបតីបន្តថា ក្នុងនោះសម្តេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សីដ៏សំខាន់ និងជាអ្នកជំរុញ នូវចំណងមិត្តភាពចិន-កម្ពុជា ។ ព្រះអង្គ បានចាប់ផ្តើមបង្កើតចំណង មិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេល ដែលទ្រង់បានដង្ហែ ព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាលើក ដំបូងមកកាន់ប្រទេសចិន នៅឆ្នាំ១៩៥៨ ។
លោកថា “សម្តេចព្រះមហាក្សត្រី ព្រះអង្គបានបំពេញព្រះរាជតួនាទី យ៉ាងសំខាន់បំផុត ក្នុងបុព្វហេតុនៃចំណងមិត្តភាព រវាងប្រទេសទាំង២ ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ ហើយ សម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ ចំពោះភាពរីកចម្រើនទាំងឡាយ ក្នុងសង្គមចិនបច្ចុប្បន្ន” ។
លោកបន្ថែមថា សម្តេចព្រះមហាក្សត្រី ព្រះអង្គមាន ព្រះរាជហឫទ័យយ៉ាងពិសេស ចំពោះប្រជាជនចិន ហើយបានគាំទ្រយ៉ាងសកម្ម ដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ហើយខ្ញុំកត់សម្គាល់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់មិត្តភាព រវាងប្រជាជនទាំងពីរ។
លោកបានគូសបញ្ចាក់ទៀតថា ចាប់តាំងពីការបង្កើតឡើង នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និងជួយគ្នា បង្កើតចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធសាស្រ្តមួយ ដែលមានអនាគតរួមគ្នា ។
លោកស៊ី ជីងពីងថា ចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរកចំណងមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើង ដោយថ្នាក់ដឹកនាំចិនជំនាន់មុន ជាមួយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូលកម្លាំងជំរុញថ្មី ដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្រ្តថ្មី ដើម្បីនាំមកនូវផលប្រយោជន៍ ដល់ប្រជាជនប្រទេសទាំងពីរ៕