ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ២០២០ ជាខួបអនុស្សាវរីយ៍លើកទី៦៧

កោះកុង : រដ្ឋបាលខេត្តកោះកុង នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ២០២០បានរៀបចំប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងរាល់ឆ្នាំដើម្បីរំឭកពីការទទួលបានឯករាជ្យ ពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្រោមវត្តមានលោកស្រីមិថុនា ភូថង អភិបាល ខេត្តកោះកុង រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នជុំវិញខេត្ត កងប្រដាប់អាវុធទាំង ៣ប្រភេទនិងមានចូលរួម ពីសំណាក់ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

លោកស្រីមិថុនា ភូថង អភិបាលខេត្ត បានលើកឡើងថា: ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃការដណ្តើមបានលើកឯករាជ្យជាតិកាលពី ៦៧ ឆ្នាំមុន ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ កងជីវពលក្នុងព្រះរាជបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សី ហនុ ព្រះមហាវីរក្សត្រ ព្រះវីររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរដ្ឋនកោដ្ឋ ក្នុងការទាមទារឯករាជ្យពីអានិគមនិយមបារាំង។

លោកស្រីមិថុនា ភូថង អភិបាលខេត្តបានថ្លែងបន្តថា ពេលវេលាបានកន្លងទៅជាង ៦០ឆ្នាំហើយ ប៉ុន្តែប្រជានុរាស្ដ្រទូទាំងនគរ នៅតែចងចាំជានិច្ច នឹងបានចារទុក ក្នុងក្រាំងមាស នៃប្រវត្តិសាស្ត្រជាតិ នូវមហា ករុណាទិគុណ ប្រកបដោយ ព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា សម្ដេចព្រះនរោត្ដម សី ហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីថ្លៃថ្នូរ សេចក្តីសុខសាន្ត និងការរីកចម្រើន នៃសង្គមជាតិ ។ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបែកបាក់គ្នា ឬអ្នកមាននិន្នាការនយោបាយផ្សេង ឱ្យរូបរួមគ្នាចូលរួម បម្រើប្រជារាស្រ្ត អស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្រ្តនិយមដែលជាស្នាមព្រហស្ថ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសព្រះអង្គបាន ត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍន៍ សម្រាប់សង្គមជាតិខ្មែរទាំងមូល ដែលប្រជារាស្ត្រជំនាន់ក្រោយ ពិសេសថ្នាក់ដឹកនាំ និងអ្នកនយោបាយតែងដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះ រហូតមក។

លោកស្រីអភិបាល បានបន្តថា ក្រោយពេលទទួលបានឯករាជ្យប្រទេសកម្ពុជាយើង មានការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែជាអកុសល ក្រោយពេលរដ្ឋប្រហារ ១៨ មីនាឆ្នាំ ១៩៧០ ធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល រ៉ាំរ៉ៃជិត ៣ ទសវត្សរ៍ ប្រទេសជាតិជួបប្រទះតែអសន្តិសុខ នឹងទទួលរងការបំផ្លិចបំផ្លាញលើគ្រប់វិស័យ ។ ប៉ុន្តែបន្ទាប់មក ក្រោមនយោបាយឈ្នះឈ្នះ នៃការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញ នឹងមានឱកាស នៃការអភិវឌ្ឍប្រទេសជាតិចាប់ពីចំណុចសូន្យ រហូតដល់សព្វថ្ងៃនេះ ។

លោកស្រីអភិបាលខេត្តបានបន្តថា ជាក់ស្ដែងការអភិវឌ្ឍន៍នាបច្ចុប្បន្ន បានទទួលសម្ធិផលច្រើនដូចជាស្ពានផ្លូវថ្នល់សាលារៀនវត្តអារាម ។ ល។ ដែលសមិទ្ធផលកើតឡើង ដោយសន្តិភាព ។ សន្តិភាព ស្ថេរភាពសង្គម បានបង្កើតទំនុកចិត្ត ឲ្យអ្នកវិនិយោគ មកដាក់ទុន បង្កើតរោងចក្រសហគ្រាសតូច ធំ ក្នុងខេត្តកោះកុង បានបង្កើតការងារជាច្រើនកន្លែងផ្សេងទៀត ដែលជាការចូលរួមលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ បង្កើនកំណើនសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចជាតិ និងចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកស្រីបានបញ្ជាក់ប្រទេសយើង មានសន្តិតភាពមានសេរីភាព និងការអភិវឌ្ឍន៍រាល់បច្ចុប្បន្ននេះ គឺស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា (អរគុណសន្តិភាព) ៕

To Top