ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបជាមួយអតីតនាយអាវុធហត្ថក្រោមឱវាទ នៅខេត្តបន្ទាយមានជ័យ ចូលសម្តែងការនឹករលឹក!

កាលពីព្រឹកថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ សោធននិវត្តន៍ នៃកងរាជអាវុធហត្ថ ២៥រាជធានី ខេត្ត ចំនួន ៣៤៥នាក់ បានមកជួបជុំគ្នានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ មួយលើកដំបូង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសាវា ក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការ គោលនយោបាយយោធិន សោធននិវត្តន៍ ។ ក្នុងឱកាសនាពេលនោះ នាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានដាក់ ឲ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២០ ក៏មានចំនួន៣៣នាក់ផងដែរ។

ដោយឡែកនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន១៣នាក់ (សោធននិវត្តន៍ ចំនួន១២នាក់ និងនាយការិយាល័យបុគ្គលិក០១នាក់) ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលនិងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយ ខាងលើ ក៏បានឆ្លៀតឱកាស សុំចូលជួបនិងសម្តែងការនឹករលឹក ដល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលលោកធ្លាប់ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជាច្រើនឆ្នាំ មុនពេលលោកផ្លាស់មកទទួល តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣។

ក្នុងនាមធ្លាប់ជាអាណាព្យាបាលផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយ ឥតឧបមា ដែលបានជួបជាមួយអតីតនាយទាហានក្រោមឱវាទរបស់លោកគ្រប់គ្នា ដោយលោកបានសំណេះសំណាលសួរសុខទុក្ខទាំងសាម៉ីខ្លួនក៏ដូចជាក្រុមគ្រួសារ និងបានណែនាំ នាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទាំង១៣នាក់ បានដើរទស្សនា ហេដ្ឋារចនាសម្ព័ន្ធ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងបានផ្តល់អំណោយបន្តិចបន្តួច រួមមាន ភេសជ្ជៈ១៣កេស, មី១៣កេស, ចាហួយ១៣ ក្រឡ ព្រមជាមួយថវិកា ២,៦០០,០០០រៀល ជូនពួកគាត់ចែកគ្នា ទុកជាចំណងដៃ យកត្រឡប់ទៅកាន់ខេត្តបន្ទាយមានជ័យវិញ៕

To Top