ព័ត៌មានជាតិ

ជាង១០ ឆ្នាំចុងក្រោយ បទល្មើសបាញ់ សម្លាប់សត្វដំរីព្រៃ ស្ទើរតែគ្មាន

ភ្នំពេញ ៖ លោកនេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានអះអាងថា នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់ សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុក និងកន្ទុយមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារ មានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង។

តាមបណ្ដាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនេត្រ ភត្រ្តា បានថ្លែងថា “នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់ សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុក និងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណ មកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើតែគ្មានដោយសារ តែការអនុវត្តច្បាប់តឹងរឹង ខណៈពីជាង ៣០ ឆ្នាំមុន ការបរបាញ់បានសម្លាប់សត្វដំរីព្រៃ អស់ជាច្រើនក្បាល”។

លោកបញ្ជាក់ថា ប៉ុន្តែជម្លោះរវាងមនុស្សនិងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីតាំង ចម្ងាយឆ្ងាយនិងចម្ងាយជិត តាមរដូវកាល និងការស្វែងរកចំណី អាចរងការរំខានដោយសារតែវត្តមាន របស់មនុស្សនៅក្នុងតំបន់ ដែនជម្រករបស់ពួក វា និងលើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតប ពីសំណាក់ប្រជាជន រហូតដល់រងរបួស ឬឈានដល់ការ សម្លាប់ជាការសងសឹកនឹងដំរីព្រៃ ដែលបានចូលមកស៊ីដំណាំរបស់ពួកគេ ។

លោករដ្ឋលេខាធិការបញ្ជាក់បន្ថែមថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅ របស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួន ៧១ ក្បាល។

ជាមួយគ្នានោះលោកបន្ថែមទៀតថា យោងតាមការសិក្សាស្រាវជ្រាវ របស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរី អាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០% ចំណែកឯទីជម្រករបស់វា បានបាត់បង់អស់ជិត ៩០%។

លើសពីនេះទៀតលោកសង្កត់ធ្ងន់ថា ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរនៅទូទាំង ដែនជម្រក របស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូល ជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។

សូមបញ្ជាក់ថា រយៈពេល ១០ ខែ ឆ្នាំ២០២០នេះ ក្រុមមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងសហគមន៍តំ បន់ការពារធម្មជាតិ បានចុះល្បាតក្នុងតំបន់ ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨ កន្លែងដែលមានផ្ទៃដីសរុបជាង ៧,៣ លានហិកតា ប្រមាណ៤១% នៃផ្ទៃប្រទេសកម្ពុជា បានដកអន្ទាក់បានប្រមាណ ៣០០០០ អន្ទាក់ និងជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល ៕ ដោយ៖ធី លីថូ

To Top