ព័ត៌មានជាតិ

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរាយការណ៍ ទៅអាជ្ញាធរជាបន្ទាន់ បើមាន បុគ្គលិកអប់រំ និងសិស្សានុសិស្ស បានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរាយការណ៍ ជាបន្ទាន់ទៅកាន់អាជ្ញាធរ អំពី វត្តមាននៃការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោល របស់បុគ្គលិកអប់រំ ឬសិស្សានុសិស្ស ដែលបានប៉ះពាល់ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីច្រៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្រសួងអប់រំ ស្នើដល់ខេត្តដែលមានការពាក់ព័ន្ធ អនុវត្តដូចខាងក្រោម ៖

ទី១-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់អាជ្ញាធរខេត្តអំពីវត្តមាន នៃការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលរបស់បុគ្គលិកអប់រំ ឬសិស្សានុសិស្ស ជាមួយបុគ្គលដែលបានប៉ះពាល់ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា។

ទី២-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវបូកសរុបរបាយការណ៍ស្ដីពី ចំនួនបុគ្គលិកអប់រំ ឬសិស្សានុសិស្សដែលសង្ស័យថាបានចូលរួមប្រជុំ ឬប្រាស្រ័យទាក់ទង។

ទី៣-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួង

និងទី៤-បុគ្គលិកអប់រំ ដែលមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំតាមលំដាប់ថ្នាក់ និងអនុវត្តវិធានចត្តាឡីស័ ឲ្យបានត្រឹមត្រូវបំផុត៕

To Top