ព័ត៌មានជាតិ

កូរ៉េខាងជើង រក្សាភាព ស្ងៀមស្ងាត់ ចំពោះជ័យជំនះក្នុង ការបោះឆ្នោតរបស់លោក ចូ បៃដិន

សេអ៊ូល៖ កូរ៉េខាងជើងនៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះជ័យជម្នះរបស់លោក Joe Biden ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈប្រធានាធិបតីលោក ដូណាល់ ត្រាំ បដិសេធមិនទទួលស្គាល់ការបរាជ័យ ចំពេលមានសំណួរអំពីពេលវេលា និងរបៀបដែលទីក្រុងព្យុងយ៉ាងនឹងមានប្រតិកម្មចំពោះលទ្ធផលនេះ។

 ទីក្រុងព្យុងយ៉ាង ហាក់ដូចជាកំពុងប្រយ័ត្នប្រយែងក្នុងការឃ្លាំមើលការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយមិនបញ្ចេញសេចក្តីថ្លែងការណ៍ ឬរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយណាមួយ អំពីបញ្ហានេះទេ ព្រោះមេដឹកនាំលោក គីម ជុងអ៊ុន បានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោក ត្រាំ តាមរយៈការប្រជុំប្រវត្តិសាស្ត្រចំនួន ៣ លើកកន្លងទៅ។

 លោក ដូណាល់ ត្រាំ បានបដិសេធមិនទទួលយកការបរាជ័យ ហើយបានដាក់ពាក្យបណ្តឹងតាមច្បាប់ជាច្រើន ចាប់តាំងពីជ័យជំនះរបស់លោក ចូ បៃដិន ត្រូវបានប្រកាស ។

 គិតត្រឹមព្រឹកថ្ងៃច័ន្ទម្សិលមិញនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងរួមទាំងកាសែត Rodong Sinmun និងទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ក៏ដូចជាបណ្ដាញឃោសនានានា បានរក្សាភាពស្ងៀមស្ងាត់ទាក់ទងទៅនឹងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក បៃដិន ដែលត្រូវបានគេរំពឹងថា នឹងនាំឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នូវរបៀបដែលអាមេរិកដោះស្រាយជាមួយកូរ៉េខាងជើង៕ដោយ ឈូក បូរ៉ា

To Top