ភ្នំពេញ ៖ ក្រោយពីមានការចែករំលែកសារសំឡេងបិទទីក្រុងភ្នំពេញនោះ លោក ផៃ សុីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លេីយតបវិញថានេះគឺជាព័ត៌មានប្រឌិត គ្មានមូលដ្ឋានច្បាស់លាស់ ដូច្នេះ ប្រជាពលរដ្ឋត្រូវរក្សាភាពស្ងៀមស្ងាត់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ សុីផាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា “យើងខ្ញុំ សង្កេតឃើញថា មានការផ្អើលតាមរយៈសារសំឡេងបានប្រឌិតអំពីស្ថានភាពនៃការបិទទីក្រុងភ្នំពេញ ឬចំណែកណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ គឺជាការប្រឌិតព័ត៌មានដោយគ្មានហេតុផល និងគ្មានមូលដ្ឋានច្បាស់នោះឡើយ”។
លោកបន្ដថា សារសំឡេងនោះ បានផ្សព្វផ្សាយថា “លិខិតចេញពីគណៈរដ្ឋមន្រ្តីចូលទៅរាជវាំងសុំហត្ថលេខាពីសម្តេចសីហមុនី ដើម្បីបិទក្រុង”។លោកបញ្ជាក់ផងថា នេះជាព័ត៌មានប្រឌិតដែលផ្សព្វផ្សាយបំភ័ន្តធ្វើឱ្យមានភាពជ្រួលច្របល់។
លោកបន្ថែមថា “យើងខ្ញុំ សូមគោរពជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តារក្សាភាពស្ងប់ស្ងៀម កុំចាញ់បោកការឃោសនាអកុសលនេះ សមត្ថកិច្ចប្រឆាំងនិងព័ត៌មានក្លែងក្លាយ នឹងចាត់វិធានការផ្លូវច្បាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្ដិសុខជាតិ”៕