កំពង់ចាម ៖ អំណោយសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានចែកជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលជួបការលំបាកចំនួន ៣០០ គ្រួសា មកពីបណ្តាស្រុក-ក្រុងចំនួន៣ រួមមាន ក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ ។
គ្រួសារក្រីក្រជួបការលំបាក និងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងទាំង ៣០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ៥០គីឡូក្រាម មីមួយកេស ទឹកបរិសុទ្ធ សំលៀកបំពាក់២សម្រាប់ និងថវិកា៥ម៉ឺនរៀល។
ក្នុងឱកាសនោះ លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានមានប្រសាសន៍សំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរ តែងតែគិតគូជានិច្ចអំពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នជាប្រចាំ ក្នុងការបង្ការទប់ស្កាត់ ការពារជំងឺកូវីដ១៩ ដោយគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យជំងឺនេះឆ្លងចូលក្នុងគ្រួសារ និងក្នុងសហគមន៍ផងដែរ ។
គួរកត់សំគាល់ផងដែរថា គ្រួសារដែលជួបការលំបាក និងមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីកន្លងទៅនេះ និងគ្រួសារអតីតយុទ្ធជន ដែលមកទទួលអំណោយ បានបង្ហាញទឹកមុខ ក្នុងអារម្មណ៍សប្បាយរីករាយ និងគាំទ្រចំពោះអាជ្ញាធរ ដែលបាននាំអំណោយសម្ដេច ហ៊ុន សែន យកមកជួយសង្គ្រោះ មានទាំងសម្ភារៈ និងគ្រឿងឧបភោគបរិភោគ រួមនិងថវិកា ធ្វើឲ្យជីវភាពរបស់ពួកគាត់ បានធូស្រាលមួយគ្រាក្នុងពេលជួបការលំបាកនេះ។