ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំ ពោះការរៀបចំបោះឆ្នោតនៅរដ្ឋប៊ីហា (Bihar) ប្រទេសឥណ្ឌា ថា ប្រព្រឹត្តទៅប្រកបដោយ សេរី យុត្តិធម៌ តម្លាភាព និងសុវត្ថិភាព។នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។
សូមជម្រាបថា តបតាមលិខិតអញ្ជើញជាផ្លូវការ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដោយលោក Sunil Arora ប្រធាន គ.ជ.ប ឥណ្ឌា ,គ.ជ.ប កម្ពុជា ដឹកនាំដោយលោកប្រធាន ស៉ិក ប៊ុនហុក បានចាត់តាំងប្រតិភូជាន់ខ្ពស់ គ.ជ.ប ២រូប រួមមាន លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប និង លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ឲ្យចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅរដ្ឋប៊ីហា (Bihar) ឆ្នាំ២០២០ នៃប្រទេសឥណ្ឌា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
បន្ទាប់ពីបានសង្កេតការណ៍បោះឆ្នោត យ៉ាងយកចិត្តទុកដាក់តាមប្រព័ន្ធអនឡាញ ពីប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃ កន្លងមកនេះ គ.ជ.ប កម្ពុជា យល់ឃើញថា ប្រព័ន្ធព័ត៌មានវិទ្យា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការបោះឆ្នោតនៅប្រទេសឥណ្ឌា ខណៈដែលប្រទេសមួយនេះ និងពិភពលោកកំពុងប្រឈមនឹងការរាតត្បាតដោយជំងឺកូវីដ-១៩។
គ.ជ.ប កម្ពុជាយល់ឃើញថា គ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោត ត្រូវបានធ្វើឡើងស្របតាមនីតិវិធី។ គ.ជ.ប ឥណ្ឌា ផ្តល់ទំនុកចិត្តដល់អ្នកបោះឆ្នោតក្នុងដំណើរការបោះឆ្នោត ក្នុងន័យមិនធ្វើឱ្យមាន ភាពភ័យខ្លាចពីជំងឺកូវីដ-១៩ ដែលអាចមកបំបាក់ស្មារតីអ្នកបោះឆ្នោតបាននោះឡើយ។មន្ត្រីការិយាល័យបោះឆ្នោតដែលបំពាក់ដោយសម្ភារការពារជំងឺកូវីដ-១៩ នៅតាមការិយាល័យបោះឆ្នោត បានបំពេញការងារដោយប្រុងប្រយ័ត្ន និងប្រកបដោយវិជ្ជាជីវៈ។
គ.ជ.ប មើលឃើញថា មន្ត្រីរក្សាសន្តិសុខ មានវត្តមាននៅតាមមណ្ឌលបោះឆ្នោតដោយប្រកាន់ខ្ជាប់នូវតួនាទីរក្សាសន្តិសុខក្នុងការបោះឆ្នោត ដោយគ្មានការជ្រៀតជ្រែក។ ជាងនេះទៅទៀត ចំនួនអ្នកចូលរួមជាយុវជន ស្ត្រី និងអ្នកធ្លាប់បោះឆ្នោត មានការកើនឡើង។លេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៅរដ្ឋប៊ីហា (Bihar) តែងតែផ្តល់ស្ថិតិនៃចំនួនអ្នកចេញទៅបោះឆ្នោត និងព័ត៌មាន សំខាន់ៗផ្សេងទៀតជូនដល់អ្នកបោះឆ្នោត។
គ.ជ.ប កម្ពុជា ថា «សូមវាយតម្លៃខ្ពស់ចំពោះការរៀបចំការបោះឆ្នោតនៅ រដ្ឋប៊ីហា (Bihar) ថា ប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ តម្លាភាព និងសុវត្ថិភាព»។
សូមជម្រាបជូនថា លទ្ធផលនៃការបោះឆ្នោតនៅរដ្ឋប៊ីហា (Bihar) ដែលត្រូវបានប្រកាសតាមរយៈការ បូកសរុបសន្លឹកឆ្នោតដោយ គ.ជ.ប ឥណ្ឌា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បង្ហាញថា គណបក្ស Bharatiya Janata Party (BJP) ទទួលបានអាសនៈច្រើនជាងគេក្នុងសភារដ្ឋប៊ីហា (Bihar) ក្នុងចំណោមអាសនៈសរុបចំនួន ២៤៣៕
![](https://dap-news.com/wp-content/uploads/2020/11/photo_2020-11-12_08-42-34-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/11/photo_2020-11-12_08-42-35-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/11/photo_2020-11-12_08-42-37-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2020/11/photo_2020-11-12_08-42-38-723x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/11/photo_2020-11-12_08-42-40-723x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)