ព័ត៌មានជាតិ

Breaking News៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានការបិទប្រទេស រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

ភ្នំពេញ៖ បន្ទាប់ពីមានជនមួយចំនួន បំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរ ពីខេត្តមួយទៅកាន់ខេត្តមួយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត នៅតំបន់ណាមួយដូចពាក្យ ចចាមអារាមថានោះទេ ។

តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបាន បំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយ ទៅកាន់ខេត្តមួយ។

សម្ដេចបន្តថា “ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ”។

សម្ដេចសង្កត់ធ្ងន់ថា ការឃោសនាអកុសល របស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមាន ចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញ ខាងនយោបាយតែប៉ុណ្ណោះ។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩ នៅពេលនេះគឺ ប្រជាជនគ្រប់រូបការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

ក្នុងឱកាសនោះ សម្ដេចក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីឈានទៅបញ្ចប់ព្រិត្តិការណ៍ ៣វិច្ឆិកា ឲ្យបានឆាប់ ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។

សម្ដេចបន្ថែមថា រីឯអ្នកដែលបាននឹងកំពុងធ្វើ ចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ ហើយ អាជ្ញាធរមូលដ្ឋានតាមដាន ត្រួតពិនិត្យនឹងជួយដោះស្រាយ ជីវភាពសម្រាប់គ្រួសារក្រីក្រ ដែលពួកគេមិនអាចចេញប្រកបរបររកស៊ីបាន ក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារ ជូនពួកគេកុំអោយពួកគេខ្វះស្បៀងអាហារ ក្នុងពេលធ្វើចត្តាឡីស័ក ៕

To Top