ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ពលរដ្ឋមានសិទ្ធ ប្ដឹងតាមហ្វេសប៊ុកសម្ដេច បើសិនប៉ូលីសប៉ុស្ដិ៍ ព្រងើយកន្តើយមិន ដោះស្រាយបញ្ហា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រសិនបើមានប៉ូលីសប៉ុស្ដិ៍នៅកន្លែងណាមួយប្រងើយកន្តើយ និងមិនយកចិត្តទុក្ខ ដាក់លើបញ្ហាប្រជាពលរដ្ឋគឺមានសិទ្ធប្ដឹង តាមហ្វេសប៊ុកសម្ដេច ដើម្បីឲ្យសម្ដេចចាត់មន្ដ្រីទៅដោះ ស្រាយដោយផ្ទាល់។

ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ជូនប្រជាពលរដ្ឋខ្វះខាត នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចស ខេង សំណូមពរ ដល់មាតា-បិតា ត្រូវគ្រប់គ្រងកូនចៅរបស់ខ្លួនឲ្យបានដិតដល់ កុំឲ្យប៉ះពាល់ជាមួយ គ្រឿងញៀន។សម្ដេចបន្ដថា បើលឺព័ត៌មានថា កូនចៅរបស់ខ្លួនពាក់ព័ន្ធគ្រឿងញៀនហើយ ត្រូវរាយការណ៍ ទៅសមត្ថកិច្ច នៅតាមមូលដ្ឋាន បើសមត្ថកិច្ចមិនយកចិត្តទុកដាក់ទៀត ត្រូវរាយការណ៍តាមហ្វេសប៊ុករបស់សម្ដេចផ្ទាល់។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ឥឡូវស្រួលណាស់ បើថា រាយការណ៍ទៅប៉ូលីសប៉ុស្ដិ៍ ហើយប៉ូលីសប៉ុ ស្ដិ៍ប្រងើយកន្ទាយ មិនចាប់អារម្មណ៍ មិនចាត់វិធានការ យើងមានបណ្ដាញហ្វេសប៊ុក មានព័ត៌មានសង្គមច្រើនណាស់ ខ្ញុំក៏មានហ្វេសប៊ុក ដាក់តាមហ្នឹងទៅ អាហ្នឹងគឺលឿនទាំងអស់គ្នា»។

សម្ដេចក្រឡាហោម ក៏បានរំលឹកថា នាពេលកន្លងមក សម្ដេចចាត់មន្ដ្រីរបស់ខ្លួនប្រមូលព័ត៌មាន តាមហ្វេសប៊ុក របស់សម្ដេចផ្ទាល់ ដោយមិនរើសអើមព័ត៌មានឡើយ។សម្ដេចបន្ដថា ព័ត៌មានតាម ហ្វេសប៊ុក វិទ្យុ ទូរស្សន៍ ជាដើម គឺជាពាក្យបណ្ដឹង ឲ្យតែពាក់ព័ន្ធជាមួយក្រសួងមហាផ្ទៃ ដូច្នេះ ត្រូវប្រមូលព័ត៌មានឲ្យសម្ដេច ដើម្បីចាត់ឲ្យមន្ដ្រីធ្វើការដោះស្រាយ តើរឿងពិត ឬមិនពិត? ហើយ ភាគច្រើន គឺជាព័ត៌មានពិត ផងដែរ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងទៀតថា ប្រជាពលរដ្ឋប្តឹងទៅតាមហ្វេសប៊ុក នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រហោមមិនមែនជារឿងខុសទេ គឺរឿងត្រឹមត្រូវ ឲ្យតែប្រជាពលរដ្ឋទៅប្ដឹងប៉ូលីសប៉ុស្ដិ៍ហើយប្រងើយកន្ទាយជាមួយប្រជាពលរដ្ឋ – ប្រជាពលរដ្ឋ មានសិទ្ធប្ដឹងទៅថ្នាក់ដឹកនាំ តាមបណ្ដាញសង្គមហ្វេសប៊ុក។

សម្ដេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា «ប្រជាពលរដ្ឋទៅផ្ទាល់ហើយ (ប្ដឹងប៉ូលីសប៉ុស្ដិ៍) មិនយកចិត្ត ទុកដាក់ យើងមានលទ្ធភាព ហើយអត់ខុសច្បាប់ទេ។តិចថា ប្ដឹងទៅនាយករដ្ឋមន្ដ្រី ថាខុស ឲ្យតែយើងបានប្ដឹងអ្នក នៅកន្លែងហ្នឹង (ប៉ូលីសប៉ុស្ដិ៍) ហើយមិនព្រមដោះស្រាយ ហើយប្ដឹងទៅ ឧបនាយករដ្ឋមន្ដ្រី ថាខុស ប្ដឹងទៅរដ្ឋមន្ដ្រីថា ខុស គឺអត់ខុសទេ»។

សម្ដេចក្រឡាហោម បន្ថែមថា ទាំងនេះជារឿងល្អ សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយថ្នាក់ដឹកនាំត្រូវប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រាយ ដើម្បីងាយស្រួលដឹកនាំប្រទេស ជាពិសេស ជួយដោះស្រាយប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋ ជួបទុក្ខលំបាក់អ្វីមួយ៕

ដោយ ៖ អេង ប៊ូឆេង

To Top