ព័ត៌មានជាតិ

ពលរដ្ឋជាង ៣០០០ គ្រួសារនៅខេត្តកំពង់ចាម មានទឹកមុខរីករាយ ខណៈបានទទួលអំណោយស្រូវពូជ និងថវិកា ពីសម្ដេច ហ៊ុន សែន តាមរយៈលោក បណ្ឌិត ហ៊ុន ម៉ាណែត

កំពង់ចាម ៖ ប្រជាពលរដ្ឋចំនួន ៣២០០ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម មានទឹកមុខញញឹមរីករាយ ដោយបានទទួលអំណោយ ជាស្រូវពូជ និងថវិកាមួយចំនួន ពីសម្ដេចហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូននាព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២០ នៅវិទ្យាល័យ ហ៊ុន សែនព្រៃទទឹង ស្រុកព្រៃឈរ តាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ជំនួសមុខឲ្យគណៈអភិបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំង៣.២០០គ្រួសារ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភពូជស្រូវ ដល់ប្រជាកសិករដែលរងការខូចខាតនាពេលនេះ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម និងប្រជាពលរដ្ឋ សូមសម្តែងនូវតាវរកិច្ចដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ចំពោះការផ្តល់កិត្តិយសដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ម្តេចតេជោនាយករដ្ឋមន្ត្រី មកចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងចំនួន៣.២០០គ្រួសារ ក្នុងខេត្តកំពង់ចាម ក្នុងនោះស្រុកស្ទឹងត្រង់១.៣៣៦គ្រួសារ, ស្រុកកំពង់សៀម ៣១៨គ្រួសារ, ស្រុកព្រៃឈរ ២៩៩គ្រួសារ, ស្រុកជើងព្រៃ ៦៣៣គ្រួសារ និងស្រុកបាធាយ ចំនួន ៦១៤គ្រួសារ។

លោកអភិបាលខេត្តឲ្យដឹងទៀតថា ស្ថានភាពជំនន់ទឹកភ្លៀងប៉ះពាល់ដល់ ០៩ស្រុក ១ក្រុង ស្មើនឹង ៥០ឃុំ-សង្កាត់ (ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្ទឹងត្រង់ ចំការលើ បាធាយ ជើងព្រៃ ព្រៃឈរ កងមាស និងស្រុកស្រីសន្ធរ) ប៉ះពាល់ប្រជាជន ៣៧១ខ្នងផ្ទះលិចសាលារៀន ២០កន្លែងលិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំប្រមាណ ២៣,១ ៥គ.ម និងខូចខាតប្រវែង ១៤,៣២ម៉ែត្រ។ លិចដំណាំស្រូវ ចំនួន ២.៩០៤ហិកតាស្មើនឹង៣.៩៣២គ្រួសារ ក្នុងនោះ ខូចខាត ១៩៦៧ហិចតា ស្មើនឹង៣.២០០គ្រួសារ។

ទន្ទឹមនឹងនេះដែរ វិធានការចាំបាច់មួយចំនួនត្រូវបានដាក់ឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញចុះអន្តរាគមន៍ដើម្បីយកគ្រឿងចក្រចុះកាយបើកមុខទឹកភ្លៀង រំដោះទឹកភ្លៀង មិនឱ្យជន់លិចដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងផ្លូវគមនាគមន៍បានទាន់ពេលវេលា ពិសេសបានជួយសង្គ្រោះផ្លូវជាតិ៧ ដែលរងការជន់លិច មិនឱ្យខូចខាតធ្ងន់ធ្ងរ។

To Top