ភ្នំពេញ ៖ បន្ទាប់ពីទទួលបាន ម៉ាស់ ពីក្រសួងសុខាភិបាល រួចមក នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅគោលដៅ រង្វង់មូលគួចកាណុង ខាងលិចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ធ្វើការចែកម៉ាស់ក្រណាត់ ជូនពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ដើម្បីរួមគ្នា ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ។
សកម្មភាពនេះ គឺជាការរំលឹក ឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ ជាប់ជានិច្ចទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសម្ដេចតេជោ ហ៊ុន សែន ដើម្បីការពារនូវការឆ្លង នៃជំងឺកូវីដ-១៩ ។
ក្នុងការចែកម៉ាស់ផ្ទាល់ដៃ ជូនទៅដល់អ្នកដំណើរនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យបងប្អូន ប្រជាពលរដ្ឋ អនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាព ពោលគឺ ត្រូវអនុវត្ត ឲ្យបានទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារ ឲ្យបាននូវការរីករាលដាល នៃជំងឺ-១៩ ។
ក្នុងនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើនិងណែនាំ ឱ្យប៉ូលីសចរាចរណ៍ ដែលឈរនៅគោលដៅនោះ បន្តការចែកម៉ាស់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមិនមានម៉ាស់ពាក់ ។
គួរបញ្ជាក់ថា ម៉ាស់ខាងលើនេះ ជាអំណោយរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដោយសម្តេច បានប្រគល់មករដ្ឋបាល រាជធានីភ្នំពេញ ចំនួន២លានម៉ាស់ ដើម្បីឲ្យរដ្ឋបាល រាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ នៅក្នុងសហគមន៍ ដែលមិនមានថវិកា គ្រប់គ្រាន់ក្នុងការទិញម៉ាស់ ពាក់ការពារជំងឺកូវីដ-១៩ ។ ចំណែកប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស់ ក៏ទទួលបានផងដែរ ដើម្បីធ្វើយ៉ាងណា រួមគ្នាទប់ស្កាត់ ការរាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា ៕