ព័ត៌មានជាតិ

WHO ក្រើនរំលឹកឲ្យរក្សា ការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូវីដ១៩

ភ្នំពេញ ៖ ដោយសង្កេតឃើញ ជំងឺកូវីដ១៩ មិនទាន់មានការថមថយនៅឡើយនោះ លោក តេត្រូ អ៊ែតហានូ ហ្គេប្រេយ៉េសស៊ុស អគ្គនាយកនៃអង្គការសុខ ភាពពិភពលោក(WHO)បានអំពាវនាវ ក៏ដូចជាក្រើនរំលឹក ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត និងត្រូវចូលរួមឲ្យបានយ៉ាងសកម្ម ជាមួយគ្នា ក្នុងការស្វែងរកនូវយន្តការ និងឧបករណ៍ថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ក្នុង កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមប្រធានបទ “ភាពស្អិតរមួត និង ការឆ្លើយតបនៃអាស៊ាន”ចាប់ពីថ្ងៃទី ១២- ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក តេត្រូ អ៊ែតហានូ ហ្គេប្រេយ៉េសស៊ុស បានថ្លែងថា “ជំងឺកូវីដ១៩ មិនទាន់មានភាព ថមថយនៅឡើយទេ ដែលនេះទាមទារឱ្យយើងទាំងអស់គ្នា ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្ម ជាមួយគ្នា ក្នុងការស្វែងរកនូវយន្តការ និងឧបករណ៍ថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ក៏ដូចជាការស្តារសង្គម សេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺនេះ “។

ក្នុងឱកាសនោះ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការប្តេជ្ញាចិត្តដ៏មុតមាំ និងការសន្យារបស់កម្ពុជាទៅលើចក្ខុវិស័យរួមគ្នា របស់អាស៊ានក្នុង ទិសដៅ សម្រេចឱ្យបាននូវសមាហរណកម្មរួម ប្រកបដោយភាពរឹងមាំ និងវិបុលភាព តាមរយៈកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងយន្តការពហុភាគីនិយម ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នេះ ក៏បានអនុម័តដាក់ឱ្យដំណើរការ នូវរបាយការណ៍ស្តីពីការត្រួតពិនិត្យ វាយតម្លៃឡើងវិញ ពាក់កណ្តាលអាណត្តិលើផែនការលម្អិតនៃសហគមន៍អាស៊ានឆ្នាំ ២០២៥ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងស្តុកបម្រុង បរិក្ខារពេទ្យតំបន់អាស៊ាន៕ដោយ៖ធី លីថូ

To Top