ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្ដែងក្ដីសង្ឃឹមថា នាពេលពេលអនាគត ស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញ និងអង្គការ IOM និងបន្តកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ រវាងប្រទេសទាំងពីរ លើវិស័យអន្តោប្រវេសន៍ ឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងជំនួបជាមួយ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី និងលោកស្រី Kristin Parco តំណាងអង្គការ IOM នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធបានថ្លែងថា “សង្ឃឹមថា ក្នុងនាពេលអនាគត ស្ថានទូតអូស្ត្រាលីប្រចាំ រាជធានីភ្នំពេញ និងអង្គការ IOM និងបន្តកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ រវាងប្រទេសទាំងពីរ លើវិស័យអន្តោប្រវេសន៍ ឲ្យកាន់តែល្អប្រសើរថែមទៀត តាមរយ:ការផ្លាស់ប្តូរ ព័ត៌មាន និងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេសផ្សេងៗ ដែលជាតម្រូវចាំបាច់សម្រាប់មន្រ្តីអនុវត្តច្បាប់កម្ពុជា”។
ជាមួយគ្នានោះលោកPablo Kang បានថ្លែងអំណរគុណ និងកោតសរសើរ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សម្រាប់កិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមក រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតអូស្ត្រាលី និងនៅតែបន្តកិច្ចសហប្រតិបត្តិល្អ ក្នុងការសម្របសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋអូស្រា្តលី ក្នុងកំឡុងពេលជម្ងឺកូវីដ-១៩។
ក្នុងឱកាសនោះ ស្ថានទូតអូស្រ្តាលីប្រចាំរាជធានីភ្នំពេញ និងអង្គការ IOM បានឧបត្ថម្ភសម្ភារៈបង្ការជំងឺកូវីដ-១៩ មួយចំនួនជូនដល់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
សម្ភារទាំងនោះរួមមាន៖ ម៉ាស់ចំនួន ៥០,០០០ម៉ាស់, របាំងមុខចំនួន ១,០០០ ជែលដបតូចចំនួន ៤៨០ដប, ជែលដបធំចំនួន ២៤០ដប, ស្រោមដៃចំនួន ១០០ប្រអប់, ឧបករណ៍វាស់កម្តៅចំនួន ៣០គ្រឿង ថ្មពិលចំនួន ១ប្រអប់ សៀវភៅ និងផ្ទាំងរូបភាពវិធានការបង្ការជំងឺកូវីដ-១៩ មួយចំនួនទៀតផងដែរ។
ជាការឆ្លើយតប អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល អូស្រ្តាលី ក៏ដូចជាស្ថានទូតអូស្ត្រាលី ប្រចាំរាជធានីភ្នំពេញ និងអង្គការ IOM ដែលតែងតែយកចិត្តទុកដាក់ និងជួយកម្ពុជា តាមរយ:ការផ្តល់ជាជំនួយបច្ចេកទេស, សម្ភារៈការពារជម្ងឺកូវីដ-១៩, ការផ្តល់វគ្គសិក្សាជំនាញ និងសិក្ខាសាលាចែករំលែកបទ ពិសោធន៍ពាក់ព័ន្ធ ដល់មន្រ្តីអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមក ៕ ដោយ៖ធី លីថូ