Covid-19

ក្រសួងសុខាភិបាល ណែនាំដល់ អ្នកសារព័ត៌មាន ត្រូវប្រុងប្រយ័ត្ន និងអនុវត្តន៍វិធានការ សុខាភិបាល ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ ដើម្បីការពារពីការចម្លងនូវវីរុសកូវីដ-១៩ និងជំងឺឆ្លងមួយចំនួន លោកស្រី ឱ វណ្ណឌីន អ្នកនាំ ពាក្យក្រសួងសុខាភិបាល បានណែនាំដល់ អ្នកសារព័ត៌មានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៍វិធានការសុខាភិបាល ឲ្យបានជាប់ជាប្រចាំ រាល់ពេលបំពេញភារកិច្ច និងពេលធ្វើដំណើរ។

លោកស្រី ឱ វណ្ណឌីន បានសរសេរ សារក្នុងគ្រុបតេឡេក្រាមក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា អ្នកសារព័ត៌មាន ត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តន៍វិធានការសុខាភិបាល ដូចខាងក្រោម៖

ទី១-ពាក់ម៉ាស់ជាប់ជានិច្ច រាល់ពេលយកព័ត៌មាន និងនៅគ្រប់ពេល។

ទី២-ឧស្សាហ៍លាងដៃជាមួយអាល់កុល ឬទឹកជែលលាងដៃ ឲ្យបានញឹកញាប់។

ទី៣-រក្សាគម្លាតសុវត្ថិភាពបុគ្គល ក្នុងចម្ងាយយ៉ាងតិចមួយម៉ែត្រកន្លះឡើងលើ រាល់ពេលទៅជិតបុគ្គល ដែលត្រូវផ្តល់ព័ត៌មាន ឬពេលចូលទៅថតព្រឹត្តិការណ៍អ្វីមួយ។ កុំប្រជ្រៀតគ្នានៅក្នុងស្ថានភាពយកព័ត៌មាន ដែលចង្អៀតកកកុញ ទោះជានៅកន្លែងណាក៏ដោយ។

ទី៤-ពេលយកព័ត៌មានរួច ត្រូវសម្អាតដៃ និងសម្ភារៈដែលបានប្រើរួចភ្លាមៗ ជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ។

ទី៥-ប្រុងប្រយ័ត្នការប្រើក្បាលមេក្រូ មុនពេលដាក់ក្បាលមេក្រូឲ្យបុគ្គលម្នាក់និយាយ ត្រូវសម្អាតជាមុនដោយប្រើអាល់កុល ឬទឹកសម្លាប់មេរោគ ពេលចប់ ត្រូវសម្អាតម្តងទៀត។

ទី៦-ប្រសិនបើលោកអ្នកមានការក្អកកណ្តាស់ ត្រូវចេះអនុវត្តន៍វិធានការការពារដោយខ្ទប់មាត់ និងច្រមុះ ដោយម៉ាស់ កន្សែង ក្រម៉ា ឬក្រដាសជូតមាត់ រួចបោៈចោលក្រដាសជូតមាត់ ដែលបានប្រើហើយនោះ ក្នុងធុងសម្រាមត្រឹមត្រូវ។

និងទី៧-បុគ្គលដែលមានបញ្ហាសុខភាព ឬមិនសូវស្រួលខ្លួន ត្រូវសម្រាកនៅផ្ទះ (អាចធ្វើការពីផ្ទះបាន ប្រសិនបើនៅអាចធ្វើការបាន) មិនត្រូវចេញដើរទៅយកព័ត៌មាននោះឡើយ៕

To Top