ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈ ប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្រ្តី តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្រ្តីនៃ ប្រទេសចរចាអាសិបទាំងអស់ និងអគ្គលេខាធិការអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) និងការចុះហត្ថលេខាកិច្ចព្រម ព្រៀងអាសិប ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចប្រជុំ បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះអ្នកចរចាទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងរយៈពេល ៨ ឆ្នាំនេះ និងបានដោះស្រាយបញ្ចប់បញ្ហាសេសសល់ ដោយបានបញ្ចប់ការចរចាទាំងស្រុង ស្របតាមអាណត្តិផ្តល់ឲ្យដោយប្រមុខដឹកនាំអាសិប កាលពីកិច្ចប្រជុំកំពូលអាសិប លើកទី៣ កាលពីឆ្នាំ២០១៩ កន្លងទៅ។
រដ្ឋមន្រ្តីទាំងអស់ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការបញ្ចប់នីតិវិធីក្នុងស្រុក រួមទាំងការស្នើ សុំសិទ្ធិប្រទានឱ្យបានទាន់ពេលវេលា ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិប នៅក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាសិបលើកទី៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ការបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបក្នុងឆ្នាំនេះ ពិតជាមានសារៈសំខាន់ ណាស់ ដើម្បីស្តារសេដ្ឋកិច្ចតំបន់ឡើងវិញឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ការពង្រីកខ្សែច្រវាក់ តម្លៃតំបន់ និងជាពិសេសជាបង្ហាញជំហរគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោល ការណ៍ ច្បាប់។ កិច្ចព្រមព្រៀងអាសិបនេះ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតលើពិភពលោក ដែលបង្កើតបានទីផ្សារទំហំ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមាន ផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦.២ ទ្រីលាន ដុល្លាអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។
ជាងនេះទៅទៀត រដ្ឋមន្រ្តីទាំងអស់ ក៏បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងអាសិប នៅតែបើកចំហទទួលស្វាគមន៍ភាគីឥណ្ឌាជានិច្ច៕