ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា សង្ឃឹមថា អ្នកជំនាញការរបស់ ជប៉ុនពីររូប នឹងមានទំនាក់ទំនងល្អជាមួយដៃគូ ព្រមទាំង ចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា បន្ថែមទៀត។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា។
សូមជម្រាបថា នាពេលថ្មីៗនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានអនុញ្ញាតឲ្យ លោក ណៃតូ យូជីរ៉ុ អ្នកជំនាញការផ្នែកច្បាប់សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ និងលោក ហាយ៉ាស៊ី អាគិហ៊ីតុ ប្រធានជំនាញការគម្រោងពង្រឹងមុខងារស្ថាប័ន នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC) ចូលជួបសម្ដែងការគួរសម និងភាក្សាការងារមួយចំនួន ផងដែរ។
ប្រភពដដែល រៀបរាប់ថា លោក ណៃតូ យូជីរ៉ុ នឹងបំពេញការងារជាមួយក្រសួងយុត្តិធម៌ ដើម្បីលើកកម្ពស់ និងកែលម្អវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។ដោយឡែក លោក ហាយ៉ាស៊ី អាគិហ៊ីតុ នឹងបំពេញការងារនៅ CMAC ដើម្បីបង្កើនសមត្ថភាពបុគ្គលិកCMAC និងដោះស្រាយបញ្ហានានាដែលCMAC នឹងប្រឈម៕