ភ្នំពេញ ៖ ក្រោយពីទទួល បានការណែនាំ ពីរាជរដ្ឋាភិបាល ជាពិសេស ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីជៀសវាងកុំឲ្យមានការរីករាលដាល ជំងឺកូវីដ១៩ លោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដឹកនាំក្រុមការងារចម្រុះ ចុះណែនាំ និងផ្អាកអាជីវកម្ម ទូទាំងខេត្ត ចំនួន៩៦កន្លែង។
ការចុះណែនាំ និងផ្អាកអាជីវកម្មទូទាំងខេត្ត ចំនួន៩៦កន្លែង រួមមាន៖ ខារ៉ាអូខេ ៥១ កន្លែង ,ឌីស្តូតែក ៤កន្លែង ,បៀហ្គាឌីន ៧កន្លែង ,ម៉ាស្សា ២៦កន្លែង ,ស្ទីម សូណា ២កន្លែង ,ក្លឹបហាត់ប្រាណ ៥កន្លែង និងរោងភាពយន្ត ១កន្លែង។
សូមបញ្ជាក់ថា សកម្មភាពខាងលើនេះ ធ្វើឡើងដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ពិសេសពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា។
លោក គួច ចំរើន ក៏បានដាក់បទបញ្ជាដល់ក្រុមការងារ ចម្រុះ និងអាជ្ញាធរក្រុង-ស្រុកទាំង៥ ត្រូវបន្តការតាមដាន និងពិនិត្យជាប្រចាំ ក្នុងករណីរកឃើញទីតាំងណាមួយ មិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវចុះបិទជាបន្ទាន់ ដោយមិនត្រូវបណ្ដែត បណ្ដោយនោះឡើយ។
ជាងនេះទៅទៀត លោកក៏បានធ្វើការណែនាំឲ្យអភិបាល ក្រុង-ស្រុក បង្កើនការផ្សព្វផ្សាយ អំពីវិធានការសុខា ភិបាលនៅតាមមូលដ្ឋាន ទីវត្តអារាម និងតំបន់ទីប្រជុំជន រួមទាំងត្រូវបន្តយកចិត្តទុកដាក់ តាមដាន ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ៕